💵 រឿងលុយខ្លះៗដែលគួរដឹង...
1/. ស្គាល់ពីតម្រូវការ និងចំណង់៖
នៅក្នុងវ័យនេះ ពិតណាស់អ្នកនឹងចង់បានអ្វីៗច្រើនយ៉ាងដោយចូលចិត្តលើកយកហេតុផលល្អៗពីរបស់ដែលចង់បាននោះ។ ក្នុងវ័យនេះតែងតែមានការភន់ច្រឡំរវាងពាក្យទាំងពីរនេះ រហូតឈានដល់ចាយវាយផ្តេសផ្តាសគ្មានព្រំដែន។ ដូច្នេះការយល់ដឹងពីតម្រូវការនិងចំណង់ជារឿងចាំបាច់ ព្រោះសព្វថ្ងៃនេះមានរបស់ជាច្រើនដែលជាកម្លាំងទំនាញឱ្យចាយលុយដោយមិនបានគិតពីចារណាឱ្យបានល្អិតល្អន់ ដូចជាមិត្តភ័ក្រ សង្គមសម្ភារៈនិយម ឬសូម្បីតែក្នុងខ្សែភាគយន្តក៏អាចអូសទាញឱ្យអ្នកចាយលុយបានដែរ។ ការដែលអ្នកស្គាល់ពីតម្រូវការ និងចំណង់មិនត្រឹមតែនឹងជួយអ្នកឱ្យមានមូលដ្ឋានគ្រឹះរឿងលុយកាសដែលល្អទាក់ទងនឹងការចាយវាយប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយយើងឱ្យគេចផុតពីបំណុលដែលកើតពីការចង់បានគ្មានដែនកំណត់ដូចគ្នា។
.
2/. ចាយវាយឱ្យតិចជាងចំណូល៖
ចំណុចនេះ មើលទៅហាក់បីដូចជាងាយស្រួលធ្វើ តែក៏នៅមានមនុស្សមួយចំនួននៅតែមិនអាចធ្វើវាបាន។ វិធីសាស្រ្តតែមួយគត់ដែលនឹងធ្វើឱ្យអ្នកអាចចាយលុយឱ្យដល់ដាច់ខែគឺ ការកត់ត្រាចំណូលនិងចំណាយជាប្រចាំ។ បន្ទាប់មករៀបចំផែនការចាយវាយទុកជាមុនហើយចាប់ផ្តើមអនុវត្តឱ្យបាន។ ឧទាហរណ៍៖ ថ្លៃបាយក្នុង ១ខែ អ្នកកំណត់មិនឱ្យលើស ២០០ ដុល្លារ អ្នកត្រូវតែចំណាយជាប្រចាំថ្ងៃមិនឱ្យលើស ៦,៦៦ដុល្លារ ក្នុងមួយថ្ងៃ។ ការចំណាយតិចជាងចំណូលនឹងជួយអ្នកឱ្យមានលុយសន្សំកាន់តែច្រើន ហើយអាចយកទៅវិនិយោគនៅថ្ងៃអនាគតបាន។
.
3/. កត់ត្រាចំណាយហើយធ្វើផែនការចំណាយ៖
ការកត់ត្រាការចំណាយទៀងទាត់នឹងជួយឱ្យអ្នកមានវិន័យក្នុងការចាយវាយល្អ។ ជាទូទៅ ការកត់ត្រាការចាយវាយតែងតែធ្វើជាមួយគ្នានឹងការរៀបចំផែនការចំណាយប្រចាំខែដោយការកំណត់ចំនួនលុយជាក់លាក់ទុកជាមុនថា ក្នុងខែនេះអ្នកត្រូវចំណាយចំនួនប៉ុន្មាន។ សូមបញ្ជាក់ម្តងទៀត រាល់ពេលធ្វើផែនការចំណាយ អ្នកត្រូវបែងចែកឱ្យដាច់រវាងចំណាយដែលអ្នកត្រូវតែចំណាយដោយខានមិនបានដូចជាថ្លៃបង់ទឹក ភ្លើង ស៊ាំង ជាដើម ហើយចំណាយណាខ្លះដែលអ្នកមិនចាំបាច់ចាយវាក៏បាន។ មិនថាការកត់ត្រាការចំណាយ ឬការធ្វើផែនការចំណាយប្រចាំខែនឹងមិនអាចមានលទ្ធផលប្រសិនបើខ្វះការអនុវត្តប្រកបដោយវិន័យ។
.
4/. ស្វែងយល់ពីបំណុលល្អ និងបំណុលអាក្រក់៖
ការយល់ដឹងពីបំណុលល្អ និងបំណុលអាក្រក់ជារឿងចាំបាច់ដែលត្រូវដឹង ទោះបីជាបំណុលទាំងនោះអ្នកត្រូវសងគេវិញក៏ដោយ។ បំណុលខ្លះគឺជាជំនួយដែលជួយឱ្យអ្នកមានអនាគតល្អ និងរីកចម្រើន។ បំណុលដែលល្អរួមាន បំណុលដែលខ្ចីមកសម្រាប់សម្រេចគោលដៅជីវិតរបស់អ្នកដូចជា ខ្ចីគេមកសម្រាប់បង់ថ្លៃសាលាដើម្បីបានទទួលបានចំណេះដឹង ការអប់រំដែលនឹងនាំអ្នកទៅរកការងារដែលប្រសើរនៅថ្ងៃមុខ។ ចំណែកឯបំណុលអាក្រក់អាចជា ការខ្ចីគេមកដើម្បីភាពហ៊ឺហារ ឡុយឆាយមួយគ្រា ឬនិយាយម្យ៉ាងទៀតខ្ចីគេមកដើម្បីតែចំណង់។
.
5/. ស្វែងយល់ពីការវិនិយោគ
ការមានលុយសន្សំនៅក្នុងកុងច្រើនជារឿងល្អ តែពេលខ្លះអត្រាការប្រាក់ដែលអ្នកទទួលបានអាចនឹងមិនសមស្រប។ អ្នកអាចចាប់ផ្តើមសាកល្បងសិក្សាពីការវិនិយោគម្តងបន្តិចៗ ឬអ្នកក៏អាចកំណត់ថា លុយដែលអ្នកនឹងវិនិយោគនេះគឺជាកញ្ចប់សម្រាប់ការចូលនិវត្តនៅថ្ងៃអនាគត។ តែបើមិនចង់វិនិយោគរឿងលុយកាស អ្នកក៏អាចវិនិយោគលើចំណេះដឹងនិងជំនាញបន្ថែមបានដែរ៕
----------------------------
©️លុយខ្ញុំ - My Money


































































