មើលចរិតសិន ចាំរាប់
សូមចែកជូនអត្ថបទទី ៥ នៃការសង្ខេបគំនិតក្នុងសៀវភៅស្រីហិតោបទេស ។ រាល់ពេលសង្ខេប ដើម្បីប្រើចំណងជើងរួម គឺពិបាកមែនទែន ព្រោះអី ខ្ញុំប្រើប្រាស់ការផុសជាចំហានៗ តែទោះជាយ៉ាងណា គោលដៅនៅត្រឹមមិត្តនេះឯង ។ តស់! យើងសិក្សានូវគំនិតទាំងអស់គ្នាដូចខាងក្រោម ៖
៩-ដឹងចិត្តមិត្តក្នុងគ្រាអាសន្ន
មិត្តល្អ ឬមិត្តអាក្រក់ រាប់អានក្នុងពេលសប្បាយ គឺមិនដឹងពីចិត្តពិតនោះទេ ។ ចិត្តដែលលេចចេញមកពិតប្រាកដគឺពេលមានគ្រោះថ្នាក់អាសន្ន ទើបស្គាល់ច្បាស់ ។ កណ្តុរប្រឹងកកេរចំណងចេញពីជើងព្រាបគ្រប់ៗគ្នា ដូចគ្នាដែរ ក្អែកពេលដឹងថាសត្វប្រើជាប់អន្ទាក់អ្នកស្រែ ប្រឹងស្វែងរក និងរកវិធីសាស្ត្រធ្វើយ៉ាងណាឲ្យប្រើសជាសម្លាញ់រួចពីចំណងព្រានបាន ដោយឲ្យសត្វប្រើសធ្វើពុតជាស្លាប់ ដើម្បីបន្លំអ្នកស្រែ ហើយក្អែកស្រែកខ្វកជាសញ្ញា ប្រើសឮកាលណាស្ទុះរត់ចូលព្រៃរួចខ្លួនហោង ។ ប្រើសបានពោលថា “ គេដឹងចិត្តមិត្តក្នុងគ្រាក្រ, ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្គ្រាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ, ដឹងចិត្តភរិយា ក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្តផៅពង្សក្នុងគ្រាវិនាសអន្តរាយ” ។
ក្នុងច្បាប់លោកនីតិថា “អ្នកដទៃឱ្យប្រយោជន៍ ទុកជាញាតិ ញាតិបើឃ្លាតទុកជាជាតិ អ្នកដទៃ រោគក្នុងកាយទុកជាទោស ប្រកបភ័យឈើក្នុងព្រៃជាឱសថ ទុកជាគុណ ។ សត្វប្រើសបាននិយាយមិត្តទុកជាញាតិថា “អ្នកណាមិនលះបង់មិត្តក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្តរាយ ក្នុងគ្រាទុរភិក្ស ក្នុងគ្រារាស្ត្រចលាចល ក្នុងទ្វារព្រះរាជា និងក្នុងអង្គព្រៃស្មសាន, អ្នកនោះលោកហៅថា ផៅពង្ស” ។
១០- អ្នកណាធ្វើអ្នកនោះទទួល
ទ្រឹស្តីកម្មផល អ្នកណាធ្វើ អ្នកនោះទទួល ។ ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់ ជាសច្ចភាព គ្មានអ្វីប្រកែកបានឡើយ ។ សត្វចចក បានស្លាប់អាសាបង់ ព្រោះរៀបល្បិចធ្វើស៊ីប្រើសជាមិត្តមិនបានសម្រេច ផលកម្មឲ្យផលភ្លាមៗ ដោយអ្នកស្រែគ្រវែងដំបងគប់ប្រើសដែលបន្លំធ្វើស្លាប់មិនត្រូវ បែរជាត្រូវសត្វចចក ដែលកំពុងពួនក្នុងព្រៃស្រាប់ ស្លាប់ភ្លាមនោះទៅ ។
បានជាលោកពោលទុកថា “ បុណ្យបាប ដែលបុគ្គលធ្វើទុកក្នុងលោកនេះ មានកម្លាំងប្លែកចម្លែកអស្ចារ្យណាស់ តែងឲ្យផលតបស្នងវិញយ៉ាងយូរ ៣ ឆ្នាំ ឬក៏ ៣ ខែ ពុំនោះ ៣ កប្ប បើពុំនោះត្រឹម ៣ ថ្ងៃ ។
១១- មើលចរិតសិន ចាំរាប់
សត្វក្អែក បានតាមមើលពីចរិតឭកពារ របស់កណ្តុរយ៉ាងយូរ ទើបព្រមស្ម័គ្រសុំរាប់អានជាមិត្ត ។ ការស្គាល់គ្នាដំបូង ធ្វើយ៉ាងណា ត្រឹមទំនាក់ទំនងផលប្រយោជន៍បានហើយ បើកាលដឹងចិត្តគំនិតគ្នាហើយ ស៊ឹមរាប់ជាក្រោយក៏មិនហួសពេលដែរ ។ មិត្តបើរាប់ត្រូវ យើងបានប្រយោជន៍ធំ បើរាប់ខុសគឺវិនាសខ្លួន និងបំផ្លាញអ្វីៗសព្វយ៉ាងនៅជុំវិញខ្លួនមិនខាន ។
មិត្តដូចជាសត្វកណ្តុរក្នុងរឿងនេះ គឺរាប់ថាជាមនុស្សបណ្ឌិត អ្នកប្រាជ្ញ ចិត្តសប្បុរស ពិសេសតែងជួយមិត្តក្នុងគ្រាលំបាក ។ បើមិត្តជាអ្នកចេះដឹងទៅហើយ រឿងអីយើងវិនាសទៅកើត? មានតែរីកចម្រើនតាមនោះដែរ តែថាមុនរាប់ត្រូវមើលសង្កេតពិនិត្យសិន មិនដូច្នោះ ពេលអាសន្នមកដល់ពិបាកកែប្រែណាស់ បើមិត្តបច្ចុប្បន្ននេះ រាប់ខុស គ្មានអ្វី ក្រៅពីនាំជក់ថ្នាំ កញ្ឆា ញៀន ញាម ដើរលេង វាយតប់នោះឡើយ បើមិនដូច្នោះក៏លួចក្បត់ កេញចំណេញផលប្រយោជន៍ពីក្រោយក៏មានដែរ ។
សូមបងប្អូនជួយជាយោបល់ បើការសង្ខេបគំនិតនេះ នៅខ្វះចន្លោះត្រង់ណាមួយ ។
សូមរង់ចាំភាគបន្ត!