ប្រយ័ត្នមនុស្សប្លែកមុខ
នេះជាអត្ថបទទី៤ ដែលនិយាយពីការសង្ខេបគំនិតក្នុងសៀវភៅស្រីហិតោបទេស ភាគ ១ ។ គួរជ្រាបថា ក្នុងគំនិតទាំងអស់សុទ្ធតែនិយាយពីការគប់មិត្ត គឺសំដៅដល់ការរាប់អានទូទៅ បើទោះជាខ្ញុំមិននិយាយក្នុងអត្ថបទថាមិត្តៗក៏ដោយ ក៏អត្ថន័យគឺដៅដល់រួចទៅហើយ ។ រឿងដោយឡែកមួយទៀត សូមបងប្អូនទ្រាំអានការសង្ខេបនេះ ថាទុកដូចជាការកម្សាន្តសិក្សាទៅចុះ កុំមានការធុញទ្រាន់អី ។ ឥឡូវកុំឲ្យវែងឆ្ងាយ សូមអានទាំងអស់គ្នាដូចខាងក្រោម ៖
៦- ប្រយ័ត្នមនុស្សប្លែកមុខ
ឲ្យតែមនុស្សយើងមិនដែលប្រាស្រ័យទាក់ទងសុទ្ធតែប្លែកទាំងអស់ ជាពិសេសមនុស្សដែលខុសពីលក្ខណៈជាយើង ដូចជាជាតិសាសន៍ ពណ៌សម្បុរ គឺត្រូវប្រយ័ត្នទាំងអស់ ។ ការប្រយ័ត្នមិនមែនថាមិនរាប់អាន ឬរើសអើងនោះទេ តែថាកុំទាន់ទុកចិត្ត ប្រគល់ការស្លាប់រស់ដល់គេ ។ សត្វប្រើសបានចាញ់ការលួងលោម សុំរាប់អានជាមិត្ត របស់ចចក ក៏ព្រមរាប់អានប្រគល់ចិត្តកាយដល់ចចកដោយស្មោះ ចុងក្រោយជួបគ្រោះភ័យ ព្រោះសម្រេចចិត្តលឿនពេក ។
មនុស្សប្លែកមុខ បើរាប់អាន ជាដំបូងរាប់ត្រឹមផលប្រយោជន៍ទៅមក តែមិនមែនមិត្តស្លាប់រស់ទេ ដូចប្រទេស និងប្រទេស ធ្វើពាណិជ្ជកម្ម គឺត្រឹមតែផលប្រយោជន៍ទៅមកប៉ុណ្ណោះ មិនមែនជាមិត្តឡើយ ។
៧- ស្លាប់ចិត្តនឹង “ពាក្យហេតុផល”
ក្អែកបានពន្យល់ដល់ប្រើសថា “នែ៎សម្លាញ់! ការទុកចិត្តចងមេត្រីរាប់អានជាមួយអាគន្តុកៈមិនស្គាល់មុខដូច្នេះមិនល្អទេ ព្រោះថា អ្នកណានីមួយ មិនគួរគប្បីឲ្យទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ មានត្រកូលផ្សេងគ្នាឡើយ” ចំណែកចចកតបប្រកបដោយហេតុផលថា “កាលបងក្អែកឯង និងប្រើសបានមកជួបប្រទះគ្នាជាបឋមនោះ រូបរាងក៏មិនបានស្គាល់វង្សត្រកូល និងចិត្តថ្លើមបងក្អែកដែរ ហេតុអ្វីក៏បងឯងចេះស្នេហាស្រឡាញ់គ្នាស្និទ្ធស្នាលរហូតមកកើត” និងចចកបានបន្ថែមបែបទស្សនៈអស់អញទៀតដូច្នេះ “អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ នេះជាសម្តីអ្នកមានចិត្តគំនិតស្រាលទេ ឯអ្នកដែលមានការសិក្សាច្រើនមានចិត្តគំនិតល្អតែងនិយាយថា អ្នកនៅលើផែនពសុធា សុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់” ។
នេះជាពាក្យសមហេតុផល សមទំនងណាស់ តែយើងគួរសង្កេតថា អ្នកនិយាយមិនមែនជាព្រះអរហន្ត ដែលចាត់ទុកមនុស្សលើផែនដីនេះ ត្រឹមតែជាប្រភេទតែមួយនោះឡើយ ។ ពិតមែនហើយ មនុស្សលើផែនដីនេះសុទ្ធតែជាផៅពង្សតែមួយ បើនិយាយក្នុងធម៌ទៅទៀត ត្រឹមតែជាសត្វ ជាបុគ្គល ប្រកបដោយធាតុ ដី ទឹក ភ្លើង ខ្យល់ ដូចគ្នា តែខុសគ្នាត្រង់ចិត្តគំនិត នៅប្រកាន់នៅឡើយ ទើបមានការបែងចែកដូច្នេះ ។
ពេលគ្រោះថ្នាក់ធ្លាក់ដល់សត្វប្រើសដោយសារល្បិច ចចក, ពេលនោះក្អែកបាននិយាយដាស់តឿនថា “បើមានអ្នកណានីមួយនិយថា ខ្ញុំមិនមានចិត្តអាក្រក់ព្យាបាទទេ ដូច្នេះក៏ដោយ បុគ្គលមិនគួរជឿពាក្យនេះ យកជាហេតុមេត្រីស្និទ្ធស្នាលឡើយ សេចក្តីពិត អ្នកដែលមានគុណ គឺការចេះដឹងច្រើន ក៏តែងមានភ័យកើតមកពីមនុស្សទុច្ចរិតទាំងឡាយដែរ” ។
៨- សរសើរសម្លាប់ចិត្ត
ពាក្យគេសរសើរត្រូវតែទទួលដោយក្តីរីករាយ ហើយពាក្យសរសើរក៏គួរប្រើដែរ ព្រោះជាផ្នែកមួយនៃទំនាក់ទំនងជីវិត តែកុំស្លាប់ចិត្ត លង់លុះក្នុងពាក្យនោះ ។ អ្នកប្រើប្រាស់ពាក្យសរសើរ សុទ្ធតែមានបំណង តែត្រង់ថាបំណងអាក្រក់ ឬបំណងល្អនោះ យើងមិនដឹងឡើយ សំខាន់យើងគ្រប់គ្រងពាក្យសរសើរ កុំឲ្យវាមកគ្រប់គ្រងយើងបាន រហូតមិនអាចបែងចែកថា ជាពាក្យពិត ឬមិនពិត ។ ពាក្យសរសើរមានច្រើន ដូចជា ចិត្តល្អណាស់! ចិត្តសប្បុរស! ស្អាតណាស់! ពូកែណាស់! ឆ្លាតណាស់! សមជាបែបនេះ បែបនោះ…ជាដើម។និយាយឲ្យងាយយល់ គឺនិយាយលើកជើង ។
ត្មាត ចាញ់ពាក្យសរសើររបស់ ឆ្មា ថា “ លោកជាអ្នកមានចំណេះដឹងច្រើន ចិត្តធ្ងន់ក្នុងធម៌ ល្មមទុកចិត្តស្និទ្ធស្នេហាយកជាវិស្សាសភូមិ, ហេតុនេះ បានជាខ្ញុំបាទមានចិត្តត្រេកអរ ចង់ចូលមកត្រងត្រាប់ស្តាប់ធម៌រៀនវិជ្ជា ច្បាប់គតិលោក គតិធម៌អំពីសំណាក់លោក” ។ មិនតែប៉ុណ្ណោះ ឆ្មាបានប្រើឃ្លាសម្លាប់ចិត្ត ត្មាត ថា “បុគ្គលគប្បីព្រមធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ តែងឲ្យម្លប់ជាទីសំចតមិនរើសមុខ សូម្បីអ្នកកាប់ឈើក៏ដោយ”, បុគ្គលមានគោត្តត្រកូលឧត្តមខ្ពង់ខ្ពស់ ហើយមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ ក៏គួរតែគោរពបូជា តាមគួរដែលអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា” ។
ចុងក្រោយ ត្មាត មិនត្រឹមស្លាប់ចិត្តទេ ស្លាប់ទាំងកាយទៀត ព្រោះតែពាក្យសរសើរ ដោយ ឆ្មា បានចូលមកស៊ីកូនបក្សីដទៃអស់ រហូតមេកូនបក្សីព្រួតគ្នាសម្លាប់ ត្មាត ចោលក្នុងកាលនោះហោង ។
គួរចាំ! ពេលគេមកសម្លាប់ទឹកចិត្តយើង “នៅមុខអ្នក វាសំពះលុតក្រាបជិតបាតជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី វានិយាយសម្តីទន់ផ្អែមល្អូកល្អិន មានលែបខាយដ៏វិចិត្រ ល្ហឹមៗ ជិតត្រចៀកអ្នក បើមានចម្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេច ឥតកោតញញើតឡើយ, សត្វរុយវាចេះធ្វើត្រាប់លក្ខណៈមនុស្សចិត្តអាក្រក់សាមាន្យបានទាំងអស់” ។
សូមបងប្អូនជួយជាយោបល់ បើការសង្ខេបគំនិតនេះ នៅខ្វះចន្លោះត្រង់ណាមួយ ។
សូមរង់ចាំភាគបន្ត!