ជ្រើសរើសកន្លែងរស់នៅ
បន្តមកដល់អត្ថបទទី៦ ជិតដល់ទីបញ្ចប់ហើយ នៃការសង្ខេបគំនិតស្រីហិតោបទេសភាគ១ ។ គួរជ្រាបថា ខ្ញុំប្រើវិធីសាស្ត្រស្របតាមទ្រឹស្តីដែលមានក្នុងនេះទាំងអស់ បើទោះជាគំនិតខ្លះយើងមានហេតុផលបដិសេធក៏ដោយ​ ព្រោះថា ខ្ញុំសង្ខេបខ្លឹមសារ​ មិនមែនវិភាគខ្លឹមសារឡើយ ដូច្នោះបើមានការសង្ខេបកន្លែងណាមួយឆ្គងត្រចៀក សូមអធ្យាស្រ័យផង ។
សូមសាធុជនអត់ធ្មត់អានដោយចាត់ទុកថាជាការកម្សាន្តសិក្សាទៅចុះ ។
១២- មិត្តគួររាប់
ជាការពិត មនុស្សត្រូវគ្នាដោយធាតុ, សារជាតិបែបណា រមែងចងបាច់ក្រុមបែបនោះ ។ ទោះជាយ៉ាងណា មនុស្សតែងមានបំណងដូចគ្នាមួយ គឺចង់បានមិត្តល្អ មិត្តយល់ចិត្ត មិត្តជួយទុក្ខធុរៈ ។ សត្វក្អែកបានតាមរាប់អាន សត្វកណ្តុរ មិនឈប់ បើទោះជាកណ្តុរបដិសេធ ក៏ដោយ ព្រោះមើលឃើញចិត្តសប្បុរសរបស់កណ្តុរគួរជាទីរាប់អាន ។ ពេលនោះកណ្តុរបានលើក ជាស្លោកថា “ កិរិយាទម្លាយអាថ៌កំបាំងក្តី ល្មោភសូមក្តី ភាពជាបុគ្គលមានចិត្តរឹងរូសក្តី ភាពជាបុគ្គលមានចិត្តរប៉ិលរប៉ូចក្តី សេចក្តីក្រោធច្រើនក្តី ភាពជាបុគ្គលមិនមានសច្ចៈក្តី ស្រវឹងឈ្លក់ក្នុងល្បែងក្តី ទាំងអស់នេះជាគ្រឿងប្រទូស្តនៃមិត្ត” ។
មិត្តដែលគួររាប់អាន គឺយើងអាចតាមសង្កេតអត្តចរិតរបស់គេ តើមិត្តនោះមាន គ្រឿងប្រទូស្តដូចស្លោកខាងលើដែរឬទេ? គួរចាំ! មនុស្សគ្រប់គ្នា ជួបដំបូងតែងបង្ហាញអត្តចរិត សម្តី សំដៅ សមរម្យ ប៉ុន្តែពេលនៅស្និទ្ធិយូរៗនឹងដឹងពីចរិតពិតមិនខាន ។ សត្វក្អែកបានតបទៅកណ្តុរវិញថា “ បុគ្គលគប្បីសង្កេតដឹង នូវភាពនៃបុគ្គលមានចិត្តអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈ ដោយទឹកប្រយោគសម្តី, បុគ្គលគប្បីមើលឃើញនូវភាពនៃបុគ្គលមានចិត្តមិននឹងធឹង និងភាពនៃបុគ្គលមានចិត្តមិនរប៉ិលរប៉ូច ដោយប្រត្យក្សនឹងភ្នែក, មនុស្សចិត្តអាក្រក់ ចិត្តគិតផ្សេង, សម្តីនិយាយផ្សេងទៀត, កិរិយាប្រព្រឹត្តធ្វើផ្សេងទៅទៀត ឯបុគ្គលមានមហាត្ម័ន ចិត្តគិត សម្តីនិយាយប្រព្រឹត្តធ្វើតែមួយ” ។
១៣- ជ្រើសរើសកន្លែងរស់នៅ
ការតាំងទីលំនៅសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ។ នៅក្នុងគាថា មង្គលសូត្រ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងថា “បដិរូបទេសវាស” កិរិយានៅក្នុងប្រទេសដ៏សមគួរ ជាមង្គលដ៏ឧត្តម គឺថាប្រទេសណា មានទឹកភ្លើង ផ្លូវថ្នល់ ពេទ្យ សាលារៀន មិនមានចោរកម្ម សម្បូរដោយបុគ្គលជាសប្បុរស និងមានផ្សារសម្រាប់ជួញដូរ ជាដើម គឺបុគ្គលគួរតាំងទីលំនៅទីនោះ ជាទីសមគួរហើយ ។ នៅក្នុងស្រីហិតោបទេសនេះ សត្វកណ្តុរបានព្រមព្រៀង ផ្លាស់ទីលំនៅខ្លួនដោយទៅជាមួយ ក្អែក សម្រាប់ទីលំនៅថ្មី ដោយកណ្តុរបានពោលថា “ ប្រទេសណា មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្តានផៅពង្ស ឬក៏មិនមានវិទ្យាគមចម្រើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ” ។
ជារួមមកវិញ ឲ្យតែទីណាមាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្សារ ទឹកភ្លើង និងមិនមានចោរកម្ម គួរនៅទីនោះចុះគឺប្រពៃហើយ ។
១៤- ប្រយ័ត្នប្រពន្ធ
ត្រង់ចំណុចនេះ សូមបើកវង់ក្រចក់ថា អ្នកសង្ខេប សូមត្រឹមសង្ខេបតាមអត្ថបទ គ្មានបំណងវិនិច្ឆ័យខុសត្រូវ ពិត ឬមិនពិតឡើយ ទិដ្ឋភាពយ៉ាងណាសូមអានវិភាគខ្លួនឯងចុះ ។
ការព្រងើយតោះតើយ ទុកភរិយាចោល ច្រើនមានរឿងប្រចណ្ឌ ពេលក្រោយ ។ ជាការពិត រឿងស្រីប្រុសនេះ ឃើញតែកើតរឿងបែបនេះ បើមិនប្តីមានស្រី ក៏ប្រពន្ធមានប្រុស ។ បើប្តីក្មេង ឬប្រពន្ធក្មេងទៀត គឺរឹតតែប្រយ័ត្ន នៅក្នុងស្រីហិតោបទេសនេះ បាននិយាយថា “ពន្លឺត្រជាក់នៃព្រះចន្ធ មិនជាទីពេញចិត្តនៃមនុស្សរងា, ពន្លឺក្តៅនៃព្រះអាទិត្យ មិនជាទីពេញចិត្តនៃមនុស្សក្តៅក្រហល់ក្រហាយ ប្តីចាស់ជរាគ្រាំគ្រាតត្រេតតត្រត ក៏មិនជាទីពេញចិត្តនៃភរិយាក្មេងដែរ” ។
ការដែលឲ្យប្រយ័ត្ន ព្រោះស្ត្រីដូចក្រឡប្រហុកអ៊ីចឹង មិនមានរឿងអ្វីសោះ គេចោទលាបពណ៌បន្តិច ផ្សាយពេញណាណី ទម្រាំដឹងការពិត ប្តីប្រពន្ធ ស្ទើរតែលែងលះគ្នាបាត់ ។ ម្យ៉ាងទៀត ក្នុងសៀវភៅនេះបាននិយាយបន្ថែមថា “ កិរិយាផឹកទឹកស្រវឹង១ កិរិយានៅច្រឡំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពីស្វាមី១ កិរិយាដើរលេង១ កិរិយាដេកក្នុងផ្ទះអ្នកដទៃ១ កិរិយានៅឆ្ងាយពីស្វាមី១ ទោសទាំង៦ ប្រការនេះ ជាគ្រឿងប្រទូស្តនៃស្ត្រីទាំងឡាយ” ។
សូមបងប្អូនជួយជាយោបល់ បើការសង្ខេបគំនិតនេះ នៅខ្វះចន្លោះត្រង់ណាមួយ ។
សូមរង់ចាំភាគបន្ត!