មានទ្រព្យ មានអំណាច
ដំណើរដ៏វែងឆ្ងាយនៃការសង្ខេបគំនិតសៀវភៅស្រីហិតោបទេសភាគ១ នេះ ឈានមកដល់អត្ថបទទី៧ហើយ ។ ចំពោះការបង្កើតមាតិកាថ្មីបញ្ចូលស្លោកជាអត្ថន័យបកស្រាយ វាជាគំនិតខ្ញុំតែម្នាក់ប៉ុណ្ណោះ បើសាធុជនចូលទៅអានដោយខ្លួនឯងនឹងបង្កើតបានមាតិកាបែបផ្សេងមួយទៀត ហើយអាចមានខ្លឹមសារល្អជាងខ្ញុំទៀតផង ។ ឥឡូវកុំវាងព្រៃឆ្ងាយពេក យើងអានកម្សាន្តគំនិតលេងដូចខាងក្រោម៖
១៥- មានទ្រព្យ មានអំណាច
គេថាប្រាក់មិនអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេ តែប្រាក់ប្រើខ្មោចឲ្យកិនម្សៅបាន ។ អ្នកលេងហេ្វសប៊ុកគេលេងគ្នាថា “លុយមិនសំខាន់ សំខាន់អត់លុយមិនបាន” ។ អ្នកមានអំណាចពិតប្រាកដគឺអ្នកមានទ្រព្យ ទ្រព្យកាន់តែច្រើនអំណាចកាន់តែធំ ។ បរិព្វាជក បានគិតត្រិះរិះថា ម្តេចក៏សត្វកណ្តុរនេះ មានកម្លាំងម្ល៉េះ ប្រហែលជាមានទ្រព្យច្រើនហើយ ព្រោះថា “សព្វកិច្ចការ គ្រប់ទីឋាន គ្រប់កាលវេលា ក្នុងលោកនេះបុគ្គលមានទ្រព្យច្រើន ឈ្មោះថាមានកម្លាំង, សេចក្តីពិត, ព្រះរាជាមានភាពជាមហាអំណាច ព្រោះមានទ្រព្យជាមូលហេតុ” ។ បរិព្វាជកនោះ បានពោលបន្ថែមទៀតថា “អ្នកមានទ្រព្យ ឈ្មោះថាមានមិត្ត, អ្នកមានទ្រព្យ ឈ្មោះថាមានផៅពង្ស, អ្នកមានទ្រព្យ ឈ្មោះថាជាបុរស, អ្នកមានទ្រព្យ ឈ្មោះថាជាបណ្ឌិត” ។
យើងអាចមើលឃើញដោយប្រត្យក្សខ្លួនឯងហើយថា បើមានទ្រព្យអាចឡើងងារជាឧកញ៉ាក៏បាន ចង់ក្លាយជាបណ្ឌិតដោយមិនបាច់រៀនក៏បាន ។ គួរជ្រាបថា អ្នកមានទ្រព្យ គឺមានឱកាសភ្លក្សរសជាតិរបស់ក្នុងលោកនេះបានមុនគេ ឧទាហរណ៍ បើស៊េរីទូរស័ព្ទណាល្បីចេញមក គឺអ្នកមានទ្រព្យនេះហើយបានប្រើមុនគេ ដោយហោចទៅអ្នកមានទ្រព្យគឺជាបុគ្គលមានសិទ្ធិជ្រើសរើសសព្វយ៉ាង ផ្ទះ ឡាន អាហារ ពេទ្យ, មិនតែប៉ុណ្ណោះសូម្បីតែស្លាប់ក៏មានសិទ្ធិរើសមឈូសល្អសម្រាប់ស្លាប់ដែរ នេះអ្នកមានទ្រព្យ ។
១៦- រក្សាការសម្ងាត់
ត្រីកំភ្លាញស្លាប់ព្រោះមាត់ មនុស្សជួបអន្តរាយព្រោះមិនចេះរក្សាការសម្ងាត់ ។ ការរក្សាការសម្ងាត់បាន គឺរក្សាកម្លាំងមួយ ព្រោះអ្នកដទៃមិនអាចវាយតម្លៃយើងបាន បើគេវាយតម្លៃមិនបានគេចង់មើលងាយ ឬចង់វាយប្រហារដោយប្រការណាមួយក៏មិនបានដូចគ្នា ។ កណ្តុរបានពោលថា “អ្នកមានប្រាជ្ញាមិនគួរគប្បីប្រកាស ការវិនាសទ្រព្យសម្បត្តិ ការក្តៅក្រហាយចិត្ត ទុច្ចរិតឧបទ្រពចង្រៃក្នុងផ្ទះ ការត្រូវគេប្រវ័ញ្ចន៍ និងការគេមើលងាយ ឲ្យគេដឹងឮឡើយ” ម្យ៉ាងទៀតថា “អាយុជីវិត, ទ្រព្យសម្បត្តិ, ទោសជាចន្លោះក្នុងផ្ទះ, មន្ត្រី (រឿងសម្ងាត់) មេថុន, ភេសជ្ជៈ (ថ្នាំកែរោគ), តបធម៌, ការឲ្យទាន និងការគេមើលងាយ លក្ខណៈ ៨ ប្រការនេះ បុគ្គលគប្បីគ្រប់គ្រងរក្សាទុកដោយប្រយ័ត្នប្រយែងមែនទែន” ។
មនុស្សម្នាក់ៗសុទ្ធតែមានរឿងរៀងៗខ្លួន រឿងនោះហើយជារឿងសម្ងាត់ រឿងសម្ងាត់នោះហើយ ជាចំណុចខ្សោយ ឬខ្លាំង ប៉ុន្តែបើរឿងនៅតែជាការសម្ងាត់គឺនៅតែជាចំណុចខ្លាំង ព្រោះគេមិនអាចវាយតម្លៃបាន ។
១៧- តម្កល់ខ្លួនក្នុងសេចក្តីថ្លៃថ្នូរ
ធ្លាប់ឮក្នុងរឿងចិនបុរាណថា “សម្លាប់បានតែមិនអាចប្រមាថ” នេះគឺសំដៅលើកិត្តិយស សេចក្តីថ្លៃថ្នូរ ។ សេចក្តីថ្លៃថ្នូរកើតពីទង្វើរបស់ខ្លួនឯង បើឥរិយាបថ ថោកទាប ប្រព្រឹត្តអាណាចារ សម្តីលាមកអាក្រក់ គ្រោតគ្រាត ចិត្តគំនិតព្យាបាទ ទោះចង់បានសេចក្តីថ្លៃថ្នូរ ក៏មិនអាចទៅរួចដែរ តែផ្ទុយមកវិញទង្វើល្អ ការគោរពឲ្យតម្លៃខ្លួនឯង និងអ្នកដទៃ បើទោះជាយើងជាមនុស្សតូចទាប ក្រក្រីយ៉ាងណា ក៏នៅតែមានសេចក្តីថ្លៃថ្នូរដែរ ។ សត្វកណ្តុរបាននិយាយប្រកបដោយសេចក្តីថ្លៃថ្នូរថា “ការនៅស្ងៀមប្រសើរ, ការពោលពាក្យកុហកមិនប្រសើរឡើយ, ការតាំងខ្លួនជាបុរសខ្សោយអំណាចប្រសើរ, ការលួចភរិយាអ្នកដទៃមិនប្រសើរឡើយ, ការលះបង់ជីវិតប្រសើរ, ការពេញចិត្តស្តាប់ពាក្យញុះញង់ស៊កសៀតមិនប្រសើរឡើយ, ការតាំងខ្លួនជាយាចកប្រសើរ, សេចក្តីសុខ ដែលកើតពីការចិញ្ចឹមជីវិតដោយសារទ្រព្យជនដទៃមិនប្រសើរឡើយ” ។
នៅក្នុងសង្គមមនុស្ស ឲ្យតែមានសីលធម៌ និងសុជីវធម៌ គឺមានសេចក្តីថ្លៃថ្នូរហើយ ។
ខ្ញុំនៅតែត្រូវការមតិយោបល់ពីសាធុជនចំពោះការសង្ខេប ព្រោះខ្លាចមានកំហុសឆ្គងផង ខ្លាចខ្វះចន្លោះ ។
សូមរង់ចាំភាគបន្ត!