គប់មិត្ត
សៀវភៅស្រីហិតោបទេសនេះ ខ្ញុំជក់ចិត្តណាស់ អានហើយ អានទៀត កាន់តែអាន កាន់តែភ្លឺគំនិត ។ អានលើកនេះមិនដឹងជាទីប៉ុន្មានហើយទេ? ដូច្នោះក៏មានគំនិតចង់ចែករំលែក ។
ស្រីហិតោបទេស ជាបណ្តុំនៃគំនិត តែគួរកត់ចំណាំ គឺជាគំនិតប្រឆាំងគ្នាទៅមកៗ ប្រកបដោយគ្រឿងអាងរៀងៗខ្លួន ដូចអ្នកជជែកដេញដោលគំនិត មានគំនិតស្រប និងបដិសេធក្នុងសម័យបច្ចុប្បន្ននេះដូច្នោះដែរ តែក្នុងសៀវភៅនេះជ្រៅមហាជ្រៅជាង ។
ដូចភាគទី១ និយាយពីការគប់មិត្ត ។ មិត្តមានពីរ គឺមិត្តល្អ និងមិត្តអាក្រក់ ។ មិត្តទាំងពីរនេះ មានហេតុផលគួរថាជាល្អដូចគ្នាពិបាកនឹងបែងចែកថាមួយណាជាមិត្តល្អ មួយណាជាមិត្តអាក្រក់ក្នុងពេលជជែក តែពេលដឹងថាល្អអាក្រក់ គឺពេលឲ្យផលតែប៉ុណ្ណោះ ។ ក្នុងនេះ មិត្តអាក្រក់ពេលមកចង់សេពគប់រាប់អានតែងនិយាយ និងរៀបទង្វើដូចជា :
- ពាក្យសម្តីពីរោះ (ខ្លាចាស់ និងបុរស)
- ពាក្យប្រកបដោយហេតុផល (ចចក និងប្រើស)
- បង្ហាញចំណេះដឹង (មានគ្រប់រឿង)
- បង្ហាញការគោរពឱនលំទោន (រឿងឆ្មា និងត្មាត)
- ចុងក្រោយឲ្យផលជាទុក្ខទោស
- - - - - - -
ចំពោះមិត្តល្អវិញ ពេលមកសេពគប់ ខ្លះមានចំណុចដូចមិត្តអាក្រក់ដែរ តែផលវិញគឺឲ្យជាសុខព្រោះ
- ជួយគ្នាក្នុងគ្រាអាសន្ន
- ដាស់តឿនមិត្ត
- មិនរត់ចោលមិត្ត
- ចែករំលែក
- - - -
នេះជាសេចក្តីសង្ខេបគំនិតដែលខ្ញុំអាន តាមពិតមានចំណុចពិសេសមួយទៀត គឺល្បិចកិច្ចកល តែខ្ញុំមិនលើកមកនិយាយទេ ព្រោះឲ្យស្រប់នឹងចំណងជើងថាគប់មិត្ត ទើបនិយាយត្រឹមនេះ ។ ថ្ងៃក្រោយមានឱកាសនឹងវិភាគតាមទ្រឹស្តីមួយៗ ។
សូមបញ្ជាក់នេះជាសង្ខេបតាមគតិខ្ញុំ កុំយកជាការ ព្រោះបើបងបង្អូនអានអាចនឹងយល់ផ្សេងពីខ្ញុំ ហើយសង្ខេបមានគំនិតល្អផ្សេងមួយបែបទៀតក៏អាចថាបាន ៕