កាលពីអត្ថបទមុនខ្ញុំបានសង្ខេបត្រឹមអត្ថន័យតាមចំណងជើង ថា “ការគប់មិត្ត” តែគ្រានេះខ្ញុំនឹងធ្វើសេចក្តីសង្ខេបខ្លឹមសារក្នុងសៀវភៅភាគ ១ ទាំងមូលតែម្តង ។ ហេតុដែលបណ្តាលឲ្យខ្ញុំសម្រេចធ្វើការសង្ខេបទាំងមូល ព្រោះមើលឃើញថា ក្នុងខ្លឹមសារ ការគប់មិត្ត បានលាយឡំដោយវិធីសាស្ត្រ ទ្រឹស្តី ល្បិចកិច្ចកល ជាច្រើនទៀត ដែលជាគតិគួរសិក្សា ។
ឥឡូវយើងចាប់ផ្តើមសិក្សាតាមដំណាកកាលទាំងអស់គ្នាដូចខាងក្រោម ៖
វិជ្ជា ជាពន្លឺសម្រាប់ជីវិត, អ្នកមានវិជ្ជា គឺភ្លឺទាំងយប់ទាំងថ្ងៃ ។ បណ្តាទ្រព្យទាំងពួង ទ្រព្យគឺវិជ្ជានេះ ជាទ្រព្យឧត្តមវិសេសផុតគេ ។ លោកបានលើកជាស្លោកថា “ វិជ្ជាយិតយោងជនដែលនៅថោកទាប ឲ្យបានចូលទៅជិតព្រះនរបតី ដែលគេនៅជិតបានដោយកម្រ ឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ” ។ ភាពសំខាន់នៃវិជ្ជានេះ លោកឲ្យយើងខំប្រឹងរៀនស្វែងរកវិជ្ជា កុំបីបោះបង់ បើទោះជាកាលៈទេសៈ ឬស្ថិតក្នុងវ័យណាក៏ដោយ “ បើអ្នកស្វែងរកវិជ្ជា និងទ្រព្យ គប្បីគិតថា ដូចជាខ្លួនមិនចាស់ មិនស្លាប់, កាលបើស្វែងរកធម៌ គប្បីគិតថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសម្លាប់ឥឡូវនេះហើយ” ។
២- មានកូនត្រូវតែឲ្យសិក្សាជាដាច់ខាត
ត្រង់ចំណុចនេះ អ្នកនិពន្ធ លោកដាស់តឿនដល់ឪពុកម្តាយ ដែលមានកូន ត្រូវតែឲ្យកូនសិក្សារៀនសូត្រ ព្រោះបើកូនល្ងង់ខ្លៅ គេនឹងក្លាយជាបន្ទុក ឬជាសត្រូវ។ ក្នុងស្លោកបានរំលេចថា “មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង? ដូចភ្នែកឈឺ មានប្រយោជន៍អ្វី? បានគ្រាន់តែឈឺចាក់ដោតនាំឲ្យរំខាន់ប៉ុណ្ណោះ” ។ លោកបានបន្ថែមទៀតថា “ បណ្តាកូន ៣ ពួក គឺកូនមិនទាន់កើត ១ ពួក កូនកើតហើយស្លាប់ទៅវិញ ១ ពួក និងកូនល្ងង់ ១ ពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ, ពួកកូនទីបី មិនប្រសើរឡើយ ព្រោះកូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្តងក៏អស់ហើយទៅ ឯពួកកូនទីបីធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហាជើង” ។ មិនតែប៉ុណ្ណោះ លោកបានបង្អាប់បន្ថែមថា “ កូនក្មេង ដែលមាតាបិតាណាមិនបានឲ្យរៀនសូត្រ មាតានោះត្រឡប់ជាសត្រូវ បិតានោះត្រឡប់ជាបុគ្គលមានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្តាលហ្វូងហង្ស ។
៣- កុំជឿព្រេងសំណាងតែម្យ៉ាង ត្រូវជឿលើការព្យាយាមផង
ការងារអ្វីក៏ដោយមិនងាយស្រួលឡើយ គ្មានការណាដែលសម្រេចបានដោយបង់ព្យាយាមទេ ។ ការងារទាំងឡាយ តែងសម្រេចដោយសេចក្តីព្យាយាមប្រឹងប្រែងដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹគទាំងឡាយមិនដែលបោលចូលមាត់សីហៈដេកលក់ឡើយ ។ រថមិនគប្បីទៅបានដោយកង់តែមួយយ៉ាងណា, ព្រេងវាសនាបើវៀរចាកព្យាយាមនៃបុរសហើយ ក៏មិនសម្រេចយ៉ាងនោះដែរ ។
បើមានចំណុចខ្វះខាតពីការសង្ខេបនេះ សូមបងប្អូនជួយបញ្ចេញយោបល់ផង!
សូមរង់ចាំភាគបន្តទៀត!