ធ្លាប់ទេ? អង្គុយស្រមៃចង់មានសេរីភាពហរិញ្ញវត្ថុ ចង់ក្តោបក្តាប់លុយធំ លឿនៗ តែដល់ពេលលូកហោប៉ៅមើលជាក់ស្តែង សូម្បីតែលុយសន្សំសម្រាប់គ្រាអាសន្នក៏សឹងតែគ្មានដែរ។ - Buddhist Economic



ធ្លាប់ទេ? អង្គុយស្រមៃចង់មានសេរីភាពហរិញ្ញវត្ថុ ចង់ក្តោបក្តាប់លុយធំ លឿនៗ តែដល់ពេលលូកហោប៉ៅមើលជាក់ស្តែង សូម្បីតែលុយសន្សំសម្រាប់គ្រាអាសន្នក៏សឹងតែគ្មានដែរ។

Share knowledge

 💵ធ្លាប់ទេ? អង្គុយស្រមៃចង់មានសេរីភាពហរិញ្ញវត្ថុ ចង់ក្តោបក្តាប់លុយធំ លឿនៗ តែដល់ពេលលូកហោប៉ៅមើលជាក់ស្តែង សូម្បីតែលុយសន្សំសម្រាប់គ្រាអាសន្នក៏សឹងតែគ្មានដែរ។


មនុស្សភាគច្រើននៅពេលធ្លាក់ក្នុងស្ថានភាពបែបនេះ តែងតែរត់រកផ្លូវកាត់មួយ គឺការប្រញាប់ប្រញាល់យកលុយដែលសល់តិចតួចទៅវិនិយោគ ព្រោះចាញ់បោកពាក្យផ្អែមល្ហែមថា ត្រូវតែវិនិយោគទើបលុយកើតកូនចៅ ឬ ចង់មានត្រូវតែលេងភាគហ៊ុន និងគ្រីបតូ។


Money Buddy ចង់ប្រាប់ការពិតមួយថា បើអ្នកមិនទាន់មានលុយសន្សំរឹងមាំទេ អ្វីដែលអ្នកត្រូវផ្តោតដំបូង មិនមែនជាការរកកន្លែងវិនិយោគទេ គឺការរកលុយតាមរយៈសមត្ថភាពខ្លួនឯងឱ្យបានច្រើនសិន។


តោះមកមើលការគណនាដោយផ្អែកលើការពិតខាងក្រោមនេះ ដើមទុនតូច ផលចំណេញក៏តូច៖


ឧបមាថា អ្នកខំសន្សំសំចៃយ៉ាងខ្លាំង រហូតប្រមូលបានលុយដើមទុនចំនួន ១២០,០០០,០០០៛ ប្រហែល $៣០,០០០។ 


អ្នកយកលុយនេះទៅវិនិយោគដោយប្រើខួរក្បាលយ៉ាងខ្លាំង ហើយទទួលបានផលចំណេញខ្ពស់រហូតដល់ ២០% ក្នុងមួយឆ្នាំ។


សរុបប្រចាំឆ្នាំ៖ ១២០,០០០,០០០៛ ✕ ២០% = ២៤,០០០,០០០៛ ក្នុងមួយឆ្នាំ។


មើលទៅឃើញច្រើនមែនទេ? ប៉ុន្តែសូមកុំភ្លេចថា អ្នកត្រូវរង់ចាំរហូតដល់ ៣៦៥ ថ្ងៃពេញ ទើបបានលុយនេះមក។ 


បើយើងយកវាមកបំបែកជាចំណូលប្រចាំខែ ដើម្បីមើលលទ្ធភាពនៃការប្រើប្រាស់ជាក់ស្តែង លទ្ធផលប្រចាំខែ៖ 


២៤,០០០,០០០៛ ÷ ១២ ខែ = ២,០០០,០០០៛ ក្នុងមួយខែ។


លុយ ២,០០០,០០០៛ ក្នុងមួយខែ សម្រាប់សេដ្ឋកិច្ចសព្វថ្ងៃ គឺគ្រាន់តែអាចជួយសម្រាលការចំណាយប្រចាំថ្ងៃបន្តិចបន្តួចប៉ុណ្ណោះ វាមិនទាន់អាចផ្លាស់ប្តូរជីវិតរបស់អ្នក ឬធ្វើឱ្យអ្នកក្លាយជាសេដ្ឋីបានឡើយ។ 


ចុះទម្រាំតែអ្នកដែលមានដើមទុនត្រឹមតែ ៤,០០០,០០០៛ ឬ ៨,០០០,០០០៛ វិញ? ទោះបីជាចំណេញ ២០% ក៏បានត្រឹមតែលុយទិញកាហ្វេមិនប៉ុន្មានកែវផង។


ផ្ទុយទៅវិញ ការខំប្រឹងសម្រិតសម្រាំងផលប័ត្រវិនិយោគ (Portfolio) ទាំងដើមទុននៅតូច វាស៊ីពេល និងខួរក្បាលរបស់អ្នកខ្លាំងណាស់។ 


អ្វីដែលអ្នកគួរសម្រិតសម្រាំងមុនគេ គឺសមត្ថភាពក្នុងការរកលុយរបស់ខ្លួនឯង។


✔️ជំនាញរកលុយលឿនជាងការរង់ចាំផលចំណេញ ងាកមកមើលជ្រុងមួយទៀតវិញ បើសិនជាអ្នកយកពេលវេលាដែលអង្គុយមើលក្រាហ្វិកឡើងចុះ មកអភិវឌ្ឍជំនាញដែលទីផ្សារត្រូវការខ្លាំង ហើយព្រមបើកលុយឱ្យខ្ពស់ ដូចជាជំនាញកាត់តវីដេអូកម្រិតខ្ពស់ ជំនាញសរសេរមាតិកាលក់ដាច់ ឬជំនាញដោះស្រាយបញ្ហាអាជីវកម្ម។


ឧបមាថា អ្នកអភិវឌ្ឍខ្លួនរហូតដល់អាចរកកម្រៃជើងសារបាន ៦០០,០០០៛ (ប្រហែល $១៥០) ក្នុងមួយការងារ ៖


បើអ្នកទទួលធ្វើ ១០ ការងារ = ៦០០,០០០៛ ✕ ១០ = ៦,០០០,០០០៛


បើអ្នកទទួលធ្វើ ២០ ការងារ = ៦០០,០០០៛ ✕ ២០ = ១២,០០០,០០០៛


បើអ្នកទទួលធ្វើ ៤០ ការងារ = ៦០០,០០០៛ ✕ ៤០ = ២៤,០០០,០០០៛


អ្នកឃើញទេ? លុយ ២៤,០០០,០០០៛ ដែលអ្នកត្រូវរង់ចាំការវិនិយោគពេញមួយឆ្នាំ ទាំងត្រូវលីសមុទ្រហានិភ័យ និងភាពភ័យខ្លាចនោះ អ្នកអាចរកវាបានក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ឬសប្តាហ៍ តាមរយៈការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន។

ជំនាញនេះហើយ គឺជាគ្រឿងចក្ររុញល្បឿនជីវិតរបស់អ្នកឱ្យលឿន។


យើងមិនមែនគ្រាន់តែសន្សំ តែយើងកំពុងសាងគ្រឹះការនិយាយបែបនេះ មិនមែនមានន័យថា ការវិនិយោគមិនសំខាន់ទេ។ 


នៅក្នុងសៀវភៅចិត្តវិទ្យាហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់ Morgan Housel បានបញ្ជាក់ថា ការសន្សំលុយ និងការបង្កើនចំណូលពីការងារ គឺជាអំណាចពិតប្រាកដដែលយើងអាចគ្រប់គ្រងបាន ចំណែកឯទីផ្សារវិនិយោគគឺជាអ្វីដែលយើងមិនអាចគ្រប់គ្រងបានឡើយ។


ការដែលយើងព្យាយាមរកលុយឱ្យបានច្រើន និងសន្សំលុយឱ្យបានតឹងរ៉ឹងនៅជំហានដំបូង វាមានហេតុផលធំៗចំនួន ២ ៖


១. ដើម្បីទិញភាពស្ងប់ចិត្ត ពេលដែលអ្នកមានលុយសន្សំក្នុងហោប៉ៅរឹងមាំ ខួរក្បាលរបស់អ្នកនឹងលែងខ្វល់ខ្វាយរឿងអត់លុយទិញបាយ ឬបង់ថ្លៃផ្ទះ។ 

ខួរក្បាលដែលស្ងប់ នឹងបង្កើតគំនិតរកលុយបានពូកែជាងមុន។


២. ដើម្បីបង្កើតកញ្ចប់លុយធំ នៅពេលអ្នកមានសមត្ថភាពរកចំណូលបានខ្ពស់ រួចសន្សំបានកញ្ចប់លុយធំ ឧទាហរណ៍ដូចជា ៤០០,០០០,០០០៛ នោះពេលអ្នកយកទៅវិនិយោគ ទោះបីជាបានផលចំណេញត្រឹមតែ ១០% ក៏វាស្មើនឹង ៤០,០០០,០០០៛ ដែរ។ 


លុយចំនួននេះ ទើបមានទម្ងន់ល្មមនឹងរុញច្រានជីវិតរបស់អ្នកឱ្យផ្លាស់ប្តូររៀបរយបាន។


✔️លំដាប់លំដោយនៃភាពមានបានដែលពិតប្រាកដ គឺមិនមែនការរត់ស្វែងរកភាគហ៊ុនដែលចំណេញ ១០ ដង ទាំងដេកភ័យខ្លាចរាល់យប់ទេ។


លំដាប់លំដោយដែលត្រឹមត្រូវគឺ អភិវឌ្ឍខ្លួនឯង ➔ រកលុយឱ្យពូកែជាងមុន ➔ សន្សំលុយឱ្យបានកាន់តែច្រើន ➔ រួចហើយចាំយកលុយកញ្ចប់ធំទៅវិនិយោគដោយភាពត្រជាក់ចិត្ត។


អ្នកដែលមិនទាន់មានលុយសន្សំ មិនមែនត្រូវហាមឃាត់មិនឱ្យរៀនរឿងវិនិយោគទេ។ អ្នកអាចអាន អាចសិក្សា និងសង្កេតមើលទីផ្សារបាន ប៉ុន្តែសូមកុំអាលប្រញាប់ប្រញាល់លោតទៅដាក់លុយពិតប្រាកដ។ 


ចូរដាំដុះ និងធ្វើឱ្យសមត្ថភាពរកចំណូល របស់អ្នកធំធាត់មុនគេ ព្រោះវាជាទ្រព្យសកម្មតែមួយគត់ ដែលគ្មានអ្នកណាអាចប្លន់យកពីអ្នកបានឡើយ។


អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត! 

សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚


❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។


#Educational #Moneybuddy #Cambodia  #foryouシ