គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
គតិលោកភាគទី១
ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ដ
ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា
ឱ្យវៀរក្តីរកស៊ីក្នុងមិច្ឆាជីវៈ ឱ្យរកស៊ីតាមផ្លូវសម្មាជីវៈ
ផ្លូវមិច្ឆាជីវៈនោះ ដូចម្តេច ផ្លូវសម្មាជីវៈនោះដូចម្តេច?
គ. ឱ! ផ្លូវមិច្ឆាជីវៈនោះ គឺក្របការរកស៊ីខុសកន្លងធម៌
មានលក់ដូរគ្រឿងសាស្តា្រប្រហារជីវិតសត្វជាដើមមានលក់ដូរថ្នាំបំពុលជាបរិយោសាន
ព្រមទាំងប្រព្រឹត្តធ្វើ
ជាបន្ទាល់កោងទាំងឆឆក់កុហកគេដោយអុបាយដោយគំនិតកោងផ្សេងៗ
ការរកស៊ីខុសនឹងទទួលទុក្ខ ទោមនស្សផ្សេងៗ
ឯការរកស៊ីផ្លូវសម្មាជីវៈនោះគឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង
ហៅថាចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថាសម្មាជីវៈ ១ទៀត ត្រូវ
វៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំងហើយ
ទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះប្រការ១ ត្រូវវៀរផ្លូវល្បែងផ្សេងៗ
មានល្បែងជល់មាន់ ជល់ត្រីជាដើមនេះប្រការ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា
វៀរសេពគប់ភឿនពាលនាំដើរលេងយប់ ស្វែងមើលល្បែងផ្សេងៗ
មានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ១។
ស. សូមទាន ការត្រាច់យប់នោះមានទោសយ៉ាងណាខ្លះ?។
គ. ឱ! ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖
- ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ចួនប្រពន្ធកូនឬបងប្អូនកើតហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។
- ចួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។
- ចួនកាលដើរទៅជាន់ដានជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។
- ចួនដើរទៅហើយប្រទះនឹងចោរ ឬអ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សម្គាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សម្លាប់ទៅយ៉ាងនេះជាទោស១។
- អ្នកដើរយប់ ជាទីនាំឱ្យយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថាឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។
ស. សូមទាន ការដែលកើតមកជាមនុស្សនេះត្រូវបែងកាលប៉ុន្មានកាល?
គ. ត្រូវបែងកាលតាមវ័យទាំង ៣ប្រការ គឺហៅថា បឋមវ័យប្រការ១ ហៅថា
មជ្ឈិមវ័យប្រការ១ ហៅថាបច្ឆិមវ័យ ប្រការ១ ក្នុងបឋមវ័យនោះត្រូវស្វែងរករៀន
វិជ្ជាសិល្បសាស្រ្ត និងចំណេះទាំងពួង លុះដល់មជ្ឈិមវ័យ
គឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយា
ហើយត្រូវប្រកបការផ្លូវរកស៊ីមានផ្លូវជួញ ផ្លូវធ្វើស្រែចម្ការជាដើម
សន្សំទ្រព្យសម្បត្តិ ឱ្យកើតមាន លុះដល់បច្ឆិមវ័យជាវ័យខាងចុង គឺខ្លួនចាស់ជរា
ហើយត្រូវស្វែងរកផ្លូវកុសល គឺបរិច្ចាគទាន រក្សាសីលចម្រើនភាវនា
ជាបច្ច័យរបស់ខ្លួនទៅបរលោក។
ស. មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ?
គ. បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖
- ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។
- កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសម្រេច ។
- កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលឱ្យឋិតថេរនៅ ការពារកេរ្តិ៍មាតាបិតាកុំឱ្យយសាបសូន្យវិនាសទៅបាន។
- ទាយជ្ជារហបដិបជ្ជនំកូនត្រូវបម្រើមាតាបិតាដោយសុចរិត តាំងចិត្តលំឱន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។
- ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។
ស ប្តីសង្រ្គោះប្រពន្ធមានប៉ុន្មានប្រការ ប្រពន្ធសង្រ្គោះប្តី តើមានប៉ុន្មានប្រការ?
គ ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖
- សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈ ប្រព្រឹត្តជាប្រយោជន៏ពោលពាក្យជាបិយវចនៈ។
- អវិមាននាយ ពុំមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ។
- អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្រ្តីដទៃទៀតជាភរិយាឡើយ។
- អិស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមឱ្យដល់ភរិយា។
- លង្ការានុប្បទានេន ឱ្យនូវគ្រឿងប្រដាប់ មានសំពត់អាវជាដើម អោយភរិយាដោយសមគួរតាមបវេណី។
ប្រពន្ធសង្រោះប្តីមាន៥ប្រការគឺ៖
- សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ និងតាក់តែងភោជនាហារ មិនឱ្យយហួសពេលវេលា។
- សង្គហិតបរជនា ប្រពន្ធត្រូវសង្រ្គោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានឱ្យយដូចជាញាតិរបស់ខ្លួន។
- អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ។
- សមតពា្ច អនុរក្ខតិ រក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនឱ្យយអន្តរាយដោយការមិនគួរ។
- ទក្ខា ច ហោតិ អនលសា ឈ្លាសក្នុងការស្រ្តី ឬមិនខ្ជិលច្រអូស។
មាតាបិតាអនុគ្រោះបុត្រដោយបទ៥ប្រការគឺ៖
- បាបា និវារេន្តិ ហាមកូនចាកផ្លូវបាបគឺកុំឱ្យធ្វើបាបកម្ម។
- កល្យាណេ និវេសេន្តិ ញ៉ាំងកូនឱ្យតម្កល់នៅក្នុងការកុសល។
- សិប្បំ សិក្ខាបេន្តិ ញ៉ាំងកូនឱ្យសិក្សារៀនសូត្រសិល្ប៍សាស្រ្តផ្សេងៗ។
- បដិរូបេន ទារេន សំយោជេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិ សមគួរផ្សំឱ្យកូន គឺរៀបអាពាហ៍ពិពាហ៍ឱ្យកូន។
- ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កអោយក្នុងសម័យដ៏សមគួរ គឺអោយក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១។
ស. បុគ្គលដែលគួរយើងនឹងបូជាគោរពក្នុងលោកនេះ មានប៉ុន្មានយ៉ាង?
គ. បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន៣យ៉ាងគឺ
- ព្រះសម្មាសម្ពុទ្ធ១
- ព្រះបច្ចេកពុទ្ធ១
- ព្រះអរិយសាវ័ក១
ចែកដោយសាមញ្ញទៀត គឺចំណែកខាងបព្វជិតនោះ
- យកឧបជ្ឈាយាចារ្យជាទីគោរពបូជារបស់កូនសិស្ស១
- ភិក្ខុមានវស្សាចាស់ជាទីគោរពបូជារបស់ភិក្ខុខ្ចី១
ប៉ែកខាងឃរាវាសនោះ
- គឺបងប្រុសបងស្រីជាទីគោរពបូជា របស់ប្អូនៗ១
- មាតាបិតាជាទីគោរពបូជា របស់កូនប្រុសកូនស្រី១
- ស្វាមី អាពុកកេ្មក ម្តាយកេ្មក ជាទីគោរពបូជារបស់ភរិយា កូនប្រសា១។
ស. កើតមកជាមនុស្សក្នុងលោកនេះ ត្រូវធ្វើពលិកម្មប៉ុន្មានយ៉ាង?
គ. ឱ! ពលិកម្មនោះមាន ៥យ៉ាង អ្នកឯងស្តាប់ចុះ៖
- ញាតិពលិ អធិប្បាយថា បុគ្គលជាញាតិសាលោហិតរបស់ខ្លួនពិតៗ ខ្លួនគួររាប់អានជួយទំនុកបម្រុងដោយ}ឱ្យនូវវត្ថុផ្សេងៗ មានបាយទឹកប្រាក់មាសជាដើម
- អតិថិពលិ អធិប្បាយថា បុគ្គលជាភ្ញៀវទើបដល់មកកាន់ទីលំនៅខ្លួន ខ្លួនគួរធ្វើបដិសណ្ឋារសួរទទួលរាប់អានតាមសម័យ គឺឱ្យយនូវបច្ច័យមានភោជនាហារជាដើម។
- បុព្វេបតពលិ អធិប្បាយថា ញាតិមិត្រឯណារស់នៅក្តី មរណភាពទៅកាន់បរលោកហើយក្តី គួរធ្វើការកុសលឯណា១ ឧទិ្ទសផលជូនទៅដល់ញាតិនោះ។
- រាជពលិ អធិប្បាយថា រាជការបស់មហាក្សត្រមានឡើង គួរខ្លួនទទួលរាជការឆ្លងព្រះតេជព្រះគុណ ឬទទួលបង់ថ្លៃរាជការ។
- ទេវតាពលិ អធិប្បាយថា ពួកទេវតាទាំងឡាយ បណ្តាដែលមានសក្កានុភាព បានជួយសង្រ្គោះដោះទុក្ខខ្លួន គួរ ធ្វើសក្កាបូជាដល់ទេវតាទាំងឡាយនោះ។


































































