គ្រោះក្នុងលោភ
អត្ថបទនេះ ខ្ញុំនឹងបន្តសង្ខេបគំនិតដែលមានក្នុងរឿង នៃសៀវភៅស្រីហិតោបទេស ហើយខ្ញុំដាក់ចំណងជើងថា "គ្រោះក្នុងលោភ" ។ ឯរបៀបដែលខ្ញុំបកស្រាយគំនិត គឺច្របាច់បញ្ចូលនូវព្រឹត្តិការណ៍រឿងខ្លះ និងទ្រឹស្តីតួអង្គខ្លះ ទើបធ្វើឲ្យការបកស្រាយនោះមានភាពច្បាស់លាស់ងាយយល់ ។ ឥឡូវកុំឲ្យចាំយូរ យើងសិក្សាទាំងអស់គ្នាដូចខាងក្រោម ៖
១- ពិចារណាឲ្យគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្ត
គ្រោះកាច ឬបញ្ហានៅជិតបង្កើយនៃជីវភាពរស់នៅសព្វថ្ងៃ ។ អ្នកចេះថ្លឹងថ្លែងស្ថានការណ៍ ចេះប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិ គឺជាអ្នកម៉ដ្ឋចត់ មិនមែនហៅថាជាមនុស្សរួញរាខ្លាចឧបសគ្គនោះទេ ។ ហ្វូងព្រាបជាប់អន្ទាក់ព្រាន ដោយសារមិនបានពិចារណាស្ថានការណ៍ឲ្យគ្រប់ជ្រុងជ្រោយ ម្យ៉ាងព្រោះសេចក្តីលោភគ្រប់សង្កត់ បើទោះជាស្តេចព្រាបប្រឹងពន្យល់យ៉ាងណាក៏មិនស្តាប់ ក៏គិតថា ជាគំនិតរួញរា ថែមទាំងនិយាយជាស្លោកថា “ បើមានការអន្តរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចារ្យ តែបើការពិចារណាឲ្យសព្វគ្រប់ យ៉ាងនោះហើយ សូម្បីស្វែងរកអារហារភោជន ក៏មិនត្រូវស្វែងរកដែរ” ។
អ្នកពិចារណា តែងមើលបានច្រើនផ្លូវ មានគំនិតច្រើន រីឯការសម្រេចចិត្ត តែងចៀសផុតពីអន្តរាយ បើទោះជាពេលខ្លះសម្រេចចិត្តយឺតបន្តិចមែន តែមិនខុសបំណង មិនជាប់ចំណងដូចហ្វូងព្រាបខ្វះការពិចារណា ។
២- កូនចៅអ្នកផ្តល់យោបល់ មិនមែនអ្នកសម្រេចចិត្ត
ស្តេចព្រាប ពេលឃើញគ្រាប់ស្រូវនៅក្នុងព្រៃ ក៏គិតថាជារឿងមិនសមទំនង ហេតុខុសប្រក្រតីមិនដែលគ្រាប់ស្រូវឯណា មកនៅក្នុងព្រៃដូច្នេះ? ប្រហែលមានអន្ទាក់ហើយ តែព្រាបជាបរិវារមួយមិនជឿស្តាប់ ក៏និយាយប្រឆាំង និងនាំហ្វូងព្រាបចុះស៊ីស្រូវ ជាប់អន្ទាក់ព្រាន រំពេចនោះភ្លាមទៅ ។ ពេលជាប់លបនោះ ហ្វូងព្រាបបានស្តីបន្ទោសដល់ព្រាបអ្នកឲ្យយោបល់ថា “បុគ្គលមិនគប្បីចេញមុខជាមេគណៈ ធ្វើការងារណាដែលសម្រេចប្រយោជន៍ទៅហើយ ត្រូវបានផលស្មើគ្នាទេ ព្រោះថា បើការងារនោះអន្តរាយវិញ អ្នកចេញមុខនោះ ត្រូវស្លាប់ក្នុងទីនោះមុនគេ” ។
ការឲ្យយោបល់ដល់ថ្នាក់គ្រប់គ្រងជារឿងកូនចៅត្រូវធ្វើ ។ កូនចៅអ្នកថ្នាក់ក្រោម ជាអ្នកប្រឹក្សាយោបល់ផង អ្នកអនុវត្តច្បាប់ក្រុមផង ជាអ្នកទទួលគោរពបញ្ជាថ្នាក់គ្រប់គ្រងផងតែមិនមែនជាអ្នកសម្រេចចិត្តនោះទេ ។
៣- គ្រោះក្នុងលោភ
បុរសអ្នកដំណើរ ចាញ់កលខ្លាចាស់ព្រោះលោភលន់ ចង់បានកងមាស វង្វែងពុំដឹងល្បិច រីឯហ្វូងព្រាបជាប់អន្ទាក់ព្រាន ដោយសារមិនបានពិចារណាជុំវិញខ្លួន ។ លោភលន់ តែងធ្វើឲ្យខ្វះការសង្កេត ខ្វះការពិចារណា និងមិនមានការសង្ស័យ ។ ចំណែកអ្នកដឹងថាអ្នកជាមនុស្សលោភលន់ គេតែងប្រើវិធី
- យកទ្រព្យសម្បត្តិមកលួងលោម
- អួតពីចំណេះវិជ្ជា
- ធ្វើពុតជាអ្នកធ្វើអំពើល្អ ចែកទាន លះបង់បាប
ក្នុងរឿងនេះ មានស្លោកដ៏វិសេសមួយ គឺខ្លាបានលួងលោម ដោយថ្វីវោហាថា “ នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន, ឃើញទ្រព្យអ្នកដទៃ ទុកស្មើដោយដុំថ្ម, ឃើញសព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន នរជននោះ លោកហៅថា បណ្ឌិត” ។ មនុស្សលោភ ឮតែពាក្យបណ្ឌិត ពាក្យអ្នកប្រាជ្ញ អ្នកជោគជ័យ អ្នកល្បីឈ្មោះ ក៏ជឿបាត់ទៅហើយ ព្រោះជឿថា អ្នកនោះគេមិនបញ្ឆោតបោកប្រាស់ទេ ព្រោះគេជាបណ្ឌិត ជាអ្នកល្បី ជាដើម ។
ទីបំផុត លាភ ព្រោះលោភ ក៏នាំគ្រោះ ដល់បុរសអ្នកដំណើរ ដោយខ្លាចាស់បានចាប់ហែកសញ្ចែងស៊ី ។ “សេចក្តីក្រោធមានដើមកំណើតមកពីលោភៈ, កាមរាគកើតមកពីលោភៈ មោហៈ និងសេចក្តីវិនាស ក៏កើតមកពីលោភៈដែរ ព្រោះហេតុនោះ លោភៈជាប្រភពនៃសេចក្តីអាក្រក់គ្រប់ប្រការ” ។
៤- សាមគ្គី ជាកម្លាំង
ទោះបីជាហ្វូងព្រាបទាំងអស់ជាប់លបរបស់ព្រាន ក៏ពួកគេអាចត្រដោះខ្លួនចេញពីគ្រោះថ្នាក់នេះបានដែរ ព្រោះតែមិនមានការតក់ស្លុតក្នុងគ្រោះថ្នាក់ និងមានចិត្តសាមគ្គី ។ ស្តេចព្រាបក្នុងនាមជាមេហ្វូងបាននិយាយលួងចិត្តកូនចៅឲ្យសាមគ្គីថា “ ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារឲ្យរួបរួមគ្នា ក៏អាចញ៉ាំងការងារឲ្យសម្រេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅថ្លឹងដំរីចុះប្រេងឲ្យជាប់បោលទៅណាមិនរួច” ។
ការមិនតក់ស្លុតក្នុងបញ្ហា ការមានសាមគ្គី រមែងឈ្នះឧបសគ្គសព្វយ៉ាង ដូចហ្វូងព្រាបរួចពីចំណងព្រានព្រោះហេតុនេះឯង ។
៥- ថ្នាក់ដឹកនាំ គិតប្រយោជន៍កូនចៅមុនខ្លួនឯង
កម្លាំងសាមគ្គីរបស់ហ្វូងព្រាប បានហើរទៅទាំងលបរបស់ព្រាន ជាប់នឹងជើង ។ មេហ្វូង បានទៅពឹងសម្លាញ់របស់ខ្លួន គឺកណ្តុរឲ្យជួយកកេរចំណងចេញ ។ ក្នុងខណៈនោះ ស្តេចព្រាបសុំឲ្យកណ្តុរកកេរកាត់ចំណងឲ្យកូនចៅមុនខ្លួនឯង បើទោះជាកណ្តុរសុំអង្វរ ដោយបរិយាយផ្សេងៗយ៉ាងណាក៏ដោយ ក៏នៅតែស្តេចព្រាបមិនព្រមដែរ ដោយស្តេចព្រាបលើកជាស្លោកថា “ បរិវារទាំងឡាយនេះ មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និងមិនលះបង់ការសំណាក់ពឹងពាក់ចោលខ្ញុំទេ ព្រោះហេតុនោះ សូមសម្លាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយនេះមុនសិន សូម្បីតែត្រូវក្តីវិនាសអន្តរាយជីវិត ខ្ញុំក៏មិនថាដែរ”, “សរីរៈ និងកិត្តិគុណ មានចន្លោះតាំងនៅឆ្ងាយពីគ្នាអន្លង់អន្លោចណាស់ ។ សរីរៈនេះ រលត់រលាយទៅក្នុងមួយខណៈ ឯកិត្តិគុណស្ថិតនៅរហូតកល្បាវសាន” ។
មេ ដែលកូនចៅមិនរត់ចោល គឺមេគិតប្រយោជន៍រួម ។ មេមានគុណធម៌ ស្រឡាញ់កូនចៅ ទើបពួកគេប្រគល់កម្លាំងកាយ កម្លាំងចិត្ត ដោយស្មោះត្រង់ ។
សូមបងប្អូនជួយជាយោបល់ បើការសង្ខេបគំនិតនេះ នៅខ្វះចន្លោះត្រង់ណាមួយ ។
សូមរង់ចាំភាគបន្ត!