ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិន 

៣. កម្ពុជា​សម័យ​អង្គរ

ឆ. ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឬ​មហានគរ​ជំនាន់​ទី​៣ (គ.ស​១១៨១‑១២០១)

ព្រះបាទជ័យវរ្ម័ន​ទី​៧ ព្រះរាជបុត្រ​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២ ព្រះអង្គ​បាន​សម្ងំ​រស់​នៅ​ដោយ​គ្មាន​ធ្វើ ឬ​បញ្ចេញ​សកម្មភាព​អ្វី​ទាំងអស់ ក្នុង​រាជ្យ​ព្រះបាទ​ត្រីភុវ័នអាទិត្យវរ្ម័ន ។ សិលាចារឹក​ខ្មែរ​នៅ​ប្រាសាទ​ភិមានអាកាស​បាន​សរសេរ​ចារ​ទុក​មក​ថា ៖ «ព្រះអង្គ​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​ចេញ​មក​ស្រោច​ស្រង់​ផែនដី​ដែល​ពោរពេញ​ទៅ ​ដោយ​បាបកម្ម» ។ ការ​អត់ធ្មត់ ព្យាយាម​តស៊ូ រង់ចាំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​រយៈ​ពេល​ដល់​ទៅ​១៧​ឆ្នាំ ។

១. ចលនា​តស៊ូ​រំដោះ​ជាតិ

កាលបើ ​បាន​ដឹង​ថា​ស្ដេច​ជ្រែក​រាជ្យ​អស់​ព្រះជន្ម ព្រះជ័យវរ្ម័ន​ក៏​ចេញ​មុខ​ប្រមែប្រមូល​ បំបះបំបោរ​ប្រជានុរាស្ត្រ រៀបចំ​ចលនា​តស៊ូ​ដើម្បី​រំដោះ​ជាតិ​មាតុភូមិ​ពី​កណ្ដាប់​ដៃ​ខ្មាំង​ គឺ​នគរ​ចម្ប៉ា ។ ការ​តស៊ូ​រំដោះ​ជាតិ​របស់​ព្រះអង្គ​មាន​រយៈ​ពេល​យូរ​បង្គួរ​មុន​នឹង​ ព្រះអង្គ​សម្រេច​បាន​បោស​សម្អាត​ទឹកដី​ខ្មែរ​ពី​ការ​កាន់​កាប់​ជិះជាន់​របស់ ​អាណានិគម​បរទេស​ចម្ប៉ា ។

សង្គ្រាម​វាយ​ឆ្មក់

នៅ ​គ្រប់​ទិសទី កងទ័ព​ខ្មែរ​ស្ម័គ្រ​ចិត្ត​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​ក្រុម ហាត់​រៀន​ហ្វឹកហ្វឺន​គ្រប់​មុខ​វិជ្ជា​សិល្ប៍សាស្ត្រ​ ក្បួន​ពិជ័យ​សង្គ្រាម ។ ជា​ពិសេស​ក្នុង​ផ្នែក​របៀប​ដាក់​រាយ​អន្ទាក់​វាយ​ឆ្មក់ ។

យុទ្ធសាស្ត្រ ​វាយ​ឆ្មក់​ត្រូវ​បាន​ព្រះអង្គ​អនុវត្ត​នា​ឆ្នាំ​ដំបូង​ដែល​កង​ទ័ព​ព្រះអង្គ ​មិន​ទាន់​មាន​កម្លាំង​គ្រប់​គ្រាន់​នឹង​វាយ​ប្រហារ​សត្រូវ​ដោយ​ចេញ​ មុខ ។ ចលនា​តស៊ូ​រំដោះ​ជាតិ​របស់​ព្រះជ័យវរ្ម័ន​បាន​ប្រើ​ពេល​វេលា​ជិត​៥​ឆ្នាំ មុន​នឹង​មាន​លទ្ធភាព​អាច​ប្រយុទ្ធ​តទល់​សត្រូវ​ចាម ។ ព្រះអង្គ​បាន​រៀបចំ​កសាង​កង​កម្លាំង​ទ័ព​ជើង​ទឹក​មួយ​យ៉ាង​សំខាន់​ទុក​ សម្រាប់​ទប់ទល់​វាយ​កម្ទេច​ទូក​ចាម ។ ពីព្រោះ​ព្រះអង្គ​សង្កេត​ឃើញ​ យល់​ច្បាស់​ថា កម្លាំង និង​ចំណុច​ខ្សោយ​របស់​នគរ​ចម្ប៉ា​ស្ថិត​នៅ​លើ​កង​នាវាចរ ។ ដូច្នេះ ប្រសិនបើ​ព្រះអង្គ​វាយ​កម្ទេច​កងទ័ព​ទូក​ចាម​បាន​ ព្រះអង្គ​ក៏​អាច​យក​ជោគជ័យ​រំដោះ​ជាតិ​មាតុភូមិ​ចេញ​ពី​កណ្ដាប់​ដៃ​ខ្មាំង​ រួច​ដែរ ។

ជ័យជំនះ​ផ្ដាច់​ព្រ័ត្រ​លើ​កងទ័ព​ចម្ប៉ា

ដូច ​ការ​ត្រះរិះ​គិត​ពិចារណា​មែន ព្រះបាទ​ជ័យវរ្ម័ន​បាន​យក​ជ័យជំនះ​លើ​ទ័ព​ចាម​ ដោយ​បាន​ធ្វើ​ចម្បាំង​ចេញ​មុខ​វាយ​ប្រយុទ្ធ​កម្ទេច​បំផ្លាញ​អស់​កងទ័ព​ នាវាចរ​ចាម ។ ទិដ្ឋភាព​ចម្បាំង​យ៉ាង​សាហាវ​តាម​ទូក​សំពៅ​លើ​ទន្លេ​ត្រូវ​បាន​សិល្បករ​ ខ្មែរ​ឆ្លាក់​ជាប់​លើ​ជញ្ជាំង​ថែវ​ប្រាសាទ​បាយ័ន ។ សិលាចារឹក​នៅ​ប្រាសាទ​បន្ទាយឆ្មារ​ក៏​សរសេរ​ចារ​អធិប្បាយ​អំពី​ ព្រឹត្តិការណ៍​ចម្បាំង​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​ទឹក​លើ​ទន្លេ​ និង​ជ័យជំនះ​យ៉ាង​អស្ចារ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទៅ​លើ​ស្ដេច​ចាម​ ដែរ ។ កង​សេនា​យោធា​ចាម​ជា​ច្រើន​បាក់​ទ័ព​រត់​ប្រសាច​គ្មាន​ទិស​តំបន់ ។ ខ្លះ​ទៀត​ត្រូវ​កង​ទ័ព ខ្មែរ​កាប់​សម្លាប់ និង​ចាប់​ធ្វើ​ជា​ឈ្លើយ គឺ​នៅ​ក្នុង​គ.ស​១១៨១ ។ ព្រះអង្គ​រំដោះ​ដណ្ដើម​យក​មហានគរ​មក​វិញ​បាន ហើយ​ទឹក​ដី​ខ្មែរ​ក៏​បាន​ចេញ​ផុត​រួច​ពី​នឹម​អាណានិគម​នគរ​ចម្ប៉ា​ក្នុង​ គ្រា​នោះ​ដែរ ។

ព្រះអង្គ​បាន​ ប្រកាស​ខ្លួន​ជា​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ។ ព្រះនាម​ព្រះអង្គ​ជា​ក្សត្រ​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​នៅ​ក្នុង​គ.ស​១១៨១​ដដែល ។ ព្រះអង្គ​តាំងទី​ព្រះបរមរាជវាំង​នៅ​ព្រះរាជធានី​យសោធរបុរៈ​ដដែល ។

២. សង្គ្រាម​សងសឹក​របស់​ស្ដេច​នគរ​ចម្ប៉ា

បរាជ័យ ​ដ៏​សែន​ជូរ​ចត់​នេះ​មិន​បាន​ធ្វើ​ឲ្យ​ស្ដេច​នគរ​ចម្ប៉ា​ភ័យ​ខ្លាច ឬ​បាក់​អំណួត​ទេ ។ ដើម្បី​លុបលាង​កិត្តិយស ការ​អាមាស​មុខ ស្ដេច​ចាម​ ព្រះជ័យឥន្ទ្រវរ្ម័នទី៤​ត្រូវ​តែ​ធ្វើ​សង្គ្រាម​ច្បាំង​នឹង​ខ្មែរ​ម្ដង​ ទៀត ។ ព្រះអង្គ​ត្រូវ​រង់ចាំ​១០​ឆ្នាំ ដើម្បី​មាន​លទ្ធភាព​អាច​អនុវត្ត​ផែនការ​សងសឹក ។

បរាជ័យ​របស់​នគរ​ចម្ប៉ា

ម្ដង ​នេះ​ក៏​ដូច​ជា​លើក​មុន​ដែរ​ ក្នុង​គ.ស​១១៩០ ស្ដេច​ចាម​បាន​នាំ​យក​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​យួន​ សុំ​កុំ​ឲ្យ​លូកដៃ​ក្នុង​រឿង​ខ្មែរ ។ ស្ដេច​ចាម​លើក​កង​ពល​យោធា​យ៉ាង​គគ្រឹក​គគ្រេង​ចូល​វាយ​ប្រហារ​នគរ​កម្ពុជា ដោយ​សង្ឃឹម​ថា​នឹង​បាន​ជ័យជំនះ​ឈ្នះ​ខ្មែរ​ដូច​លើក​មុន​ទៀត​ជា​ មិនខាន ។

តែ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​បញ្ជា​កងទ័ព​គ្រប់​ទិសទី​វាយ​ប្រហារ​តប​ត​ទៅ​ វិញ​យ៉ា​ខ្លាំង​ក្លា​មហិមា ខ្លាំង​លាន់​ឮ​ជាង​រន្ទះ​បាញ់​ទាំង​ប្រាំបី​ទិស ធ្វើ​ឲ្យ​សត្រូវ​បែក​បាក់​ខ្ចាត់ខ្ចាយ​រត់​ចោល​ជួរ មាន​ស្លាប់​របួស​ច្រើន​ឥត​គណនា ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មិន​បង្អង់​ដៃ ព្រះអង្គ​វាយ​ប្រហារ​សម្រុក​បុករុក​រុល​ចូល​ទៅ​ដល់​ទឹក​ដី​នគរ​ ចម្ប៉ា ។ សេចក្ដី​ក្លាហាន​អង់អាច​របស់​ព្រះមហាក្សត្រ​ខ្មែរ​ត្រូវ​បាន​សិលាចារឹក​ ប្រាសាទជ្រុង ក្នុង​នគរ​ធំ​រៀប​រាប់​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ស្រែក​បបួល​ហៅ​ស្ដេច​ចាម​ជ័យឥន្ទ្រវរ្ម័ន​ទី​៤​ ឲ្យ​ឡើង​ជិះ​ដំរី​ចេញ​មក​ច្បាំង​ត​ទល់​នឹង​ព្រះអង្គ​ ឲ្យ​អស់​ពល​សេនា​មើល ។ តែ ស្ដេច​ចាម​បែរ​ខ្នង​ភ័យ​ខ្លាច​ញ័រ​មិន​ហ៊ាន​ចេញ​មក​ច្បាំង​មួយ​ទល់​នឹង​មួយ​ ជា​មួយ​នឹង​ព្រះអង្គ​ទេ ។ សង្គ្រាម​ខ្មែរ‑ចាម​ម្ដង​នេះ​មិន​យូរ​ទេ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដណ្ដើម​យក​ព្រះរាជធានី​នគរ​ចម្ប៉ា ហើយ​ចាប់​ខ្លួន​ស្ដេច​ចាម​បាន​ក្នុង​គ្រា​នោះ ។ នគរ​ចាម​ទាំង​មូល​ក៏​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​កងទ័ព​ខ្មែរ​កាន់​កាប់​ ត្រួតត្រា​ដែរ ។

ចម្ប៉ា​ក្លាយ​ជា​ខេត្ត​ខ្មែរ

ជ័យជំនះ ​តាម​ផ្លូវ​សង្គ្រាម​ទៅ​លើ​នគរ​ចម្ប៉ា​ក្នុង​ពេល​នោះ​បាន​ជម្រុញ​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧​ឲ្យ​រំលាយ​បញ្ចូល​ទឹក​ដី​នគរ​ចម្ប៉ា​មក​ជា​ទឹកដី​ខ្មែរ​តែ​ មួយ ។ ព្រះអង្គ​បាន​តែង​តាំង​ប្អូន​ថ្លៃ​ព្រះអង្គ​ជា​ស្ដេច​សោយរាជ្យ​នៅ​ ព្រះរាជធានី​វិជ័យ និង​គ្រប់​គ្រេង​ខេត្ត​ខណ្ឌ​ដែល​នៅ​ជិត​ជុំ​វិញ​នោះ ។ ចំណែក​ខេត្ត​ខណ្ឌ​នគរ​ចម្ប៉ា​ផ្សេងៗ​ទៀត ព្រះអង្គ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ចាម​មួយ​អង្គ​ព្រះនាម​ វិទ្យាអន្ទ ដែល​ធ្លាប់​តែ​ស្មោះត្រង់​បម្រើ​ព្រះអង្គ​ដោយ​ភក្ដីភាព ។ ស្ដេច​ចាម​អង្គ​នេះ​ធ្លាប់​បាន​រស់​នៅ​មហានគរ​ បម្រើ​ព្រះមហាក្សត្រ​ជាយូរ​មក​ហើយ ហើយ​ធ្លាប់​ជួយ​ព្រះអង្គ​ក្នុង​ការ​បង្ក្រាប​ក្រុម​បះបោរ​នៅ​ខេត្ត​បាត់ដំបង គឺ​នៅ​ក្នុង​គ.ស​១១៩០ ។

តែ ក្នុង​គ.ស​១២០៣ ក្រោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចូល​ទីវង្គត ស្ដេច​ចាម​អង្គ​នេះ​បែក​គំនិត​ចង់​រំដោះ​នគរ​ចម្ប៉ា និង​បង្កើត​ធ្វើ​ឲ្យ​មាន​ឯកភាព​វិញ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​មិន​ទុក​ចិត្ត ដក​អំណាច និង​បុណ្យស័ក្តិ ។ ពី​ថ្ងៃ​នោះ​មក រហូត​ដល់​គ.ស​១២២៦ នគរ​ចម្ប៉ា​បាន​ក្លាយ​ទៅ​ជា​ខេត្ត​ខ្មែរ ។

សង្គ្រាម ​រវាង​ខ្មែរ​ និង​ចាម​មាន​រយៈ​ពេល​ប្រហែល​ជិត​១០០​ឆ្នាំ ។ នៅ​ទីបំផុត នគរ​ចម្ប៉ា​ត្រូវ​ចុះ​ទន់​អន់​ខ្សោយ លែង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ភ័យ​ព្រួយ​បារម្ភ​ទៀត​ហើយ ។ ទាំងនេះ​មិន​មែន​បាន​សេចក្ដី​ថា​នគរ​ចម្ប៉ា​រលត់​រលាយ​អស់​រូបរាង​នោះ​ ទេ ។ ចាប់​ពី​គ.ស​១២២៧ ព្រះមហាក្សត្រ​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​តែង​តាំង​ជនជាតិ​ចាម​ជា​ ចៅហ្វាយ​ខេត្ត​ចម្ប៉ា ។ ឯ​កង្វល់​ធំ​របស់​ចម្ប៉ា​មិន​មែន​ប្រទេស​ខ្មែរ​ឡើយ ។ សត្រូវ​ធំ​របស់​ចាម​គឺ​យួន ។

នយោបាយ ​ ទ្រឹស្ដី និង​ទស្សនៈ​វាត​ទឹក​ដី​និយម​របស់​យួន ចុះ​មក​ទិស​ខាងត្បូង​បាន​លេប​ទឹក​ដី​ចាម​បន្តិចម្ដងៗ រហូត​ទាល់​តែ​អស់​គ្មាន​សេស​សល់ ទាំង​ទំនៀម​ទម្លាប់ ទាំង​ប្រពៃណី និង​ទាំង​ភាសា ។ នៅ​ក្នុង​សតវត្ស​ទី​១៨ គេ​កត់​សម្គាល់​ឃើញ​ថា ព្រះរាជវង្ស​ចម្ប៉ា​នៅ​មាន​ដែរ​ក្រោម​ការ​គ្រប់គ្រង​របស់​យួន ។ យួន​បាន​ធ្វើ​វៀតណាម​វូបនីយកម្ម​លើ​ជនជាតិ​ចាម​ទាំងអស់ ។ ជនជាតិ​ចាម​ដែល​មិន​អាច​ទ្រាំទ្រ​របប​អំណាច​យួន​បាន​ៗ​នាំ​គ្នា​រត់​គេច​ភៀស ​ខ្លួន​ទៅ​រស់​នៅ​ស្រុក​ជ្វា ឬ​កម្ពុជា ។

៣. ប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

ព្រះរាជវង្ស និង​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​ស្គាល់​បាន​មួយ​ភាគ​ធំ​ដោយ​សារ​សិលាចារឹក​នៅ​ប្រាសាទ​ជ្រុង​ ក្នុង​រង្វង់​នគរ​ធំ សិលាចារឹក​នៅ​ប្រាសាទ​បន្ទាយឆ្មារ ក្នុង​ខេត្ត​បន្ទាយមានជ័យ សិលាចារឹក​នៅ​ប្រាសាទ​បាយ័ន នៅ​ប្រាសាទ​តាព្រហ្ម និង​ជា​ពិសេស ដោយ​សិលាចារឹក​នៅ​ប្រាសាទ​ភិមានអាកាស ដែល​ចងក្រង​និពន្ធ​តាក់តែង​ឡើង​ជា​កំណាព្យ​កាព្យ​ឃ្លោង​ដោយ​ព្រះអគ្គមហេសី​ របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះនាង​ឥន្ទ្រទេវី ។

ព្រះរាជវង្ស

បើតាម ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ហ្សក សឺដេស (George Coedès) ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ប្រហែល​ជា​ប្រសូត យ៉ាងយូរ​ណាស់​ក្នុង​គ.ស​១១២៥ ។ ព្រះមាតា​ព្រះអង្គ​ព្រះនាម​ជ័យរាជចូឌាមណី ។ ព្រះបិតា​ព្រះអង្គ​ព្រះនាម​ធរណិន្ទ្រវរ្ម័ន​ទី​២ ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ ។ ព្រះអង្គ​ត្រូវ​ជា​ចៅមីង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ និង​ត្រូវ​ជា​ក្មួយ​ព្រះបាទ​សុរិយាវរ្ម័ន​ទី​២ ។

ដូច្នេះ ​ យើង​ឃើញ​ថា តាម​រយៈ​ម្ដាយ ព្រះអង្គ​ជាប់​ចុះ​មក​ពី​ព្រះរាជវង្ស​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​មុន​ មហានគរ (ឬ​មុន​អង្គរ ឬ​ក្នុង​សម័យ​នគរ​ហ្វូណន‑ចេនឡា) ។ ហើយ​តាម​ខ្សែ​ស្រឡាយ​ព្រះរាជវង្ស​ឪពុក ព្រះអង្គ​ចុះ​មក​ពី​ព្រះសន្តតិវង្ស​មហិធរបុរៈ ។

យុវភាព

តាម ​រយៈ​សិលាចារឹក​ដដែល​ យើង​បាន​ដឹង​ថា កាល​បិតា​ព្រះអង្គ​ព្រះ​ធរណិន្ទ្រវរ្ម័ន​ទី​២​នៅ​សោយរាជ្យ​ជា​ព្រះមហាក្សត្រ ​កម្ពុជា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ទទួល​តំណែង​ជា​មេទ័ព​ធំ​កំពូល​ដឹកនាំ​កងពល​សេនា ​ខ្មែរ​ទៅ​ធវ្ើ​សង្គ្រាម​ត​ទល់​នឹង​នគរ​ចម្ប៉ា ។ កាល​នោះ ព្រះអង្គ​ព្រះជន្ម​បាន​២៥​ព្រះវស្សា ។

បើ ​តាម​សិលាចារឹក យើង​អាច​ស្មាន​បាន​ថា កាល​នោះ ព្រអង្គ​មាន​មហេសី​រួច​ស្រេច​ទៅ​ហើយ ។ ព្រះនាម​របស់​ព្រះនាង​គឺ ជ័យរាជទេវី ។ ជាមួយ​នឹង​ព្រះនាង ប្រហែល​ជា​ក្នុង​គ.ស​១១៤៥ ព្រះអង្គ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​ព្រះនាម​ ស្រីឥន្ទ្រកុមារ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បែក​ព្រាត់​ប្រាស​ពី​ប្រពន្ធ​កូន ដោយ​ក្ដី​វិយោគ​អួល​ណែន​ចុក​ចាប់​រៀង​រាល់​ថ្ងៃ ពុំ​ដែល​មាន​ល្ហែល្ហើយ​ឡើយ ។ ទុក្ខ​សោក​សង្រេង​ឈឺ​ខ្លោច​ផ្សា​រីងរៃ​ដោយ​ការ​ព្រាត់ប្រាស​នេះ​ត្រូវ​បាន​ ព្រះនាង​ឥន្ទ្រទេវី ជា​បង​ស្រី​បង្កើត​របស់​មហេសី​ព្រះអង្គ សសេរ​ចារ​វេញ​ចងក្រង​ជា​ភួង​កំណាព្យ​លើ​ផ្ទាំង​សិលា​ប្រាសាទ​ ភិមានអាកាស ។

ព្រះនាង​ឥន្ទ្រទេវី ​បាន​រៀបរាប់​អធិប្បាយ​ថា ៖ «ព្រះមហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះនាង​ជ័យរាជទេវី ប្រៀប​បាន​ទៅ​នឹង​ព្រះនាង​សិតា​ដែល​កំពុង​តែ​ព្រាត់​ពី​ស្វាមី​គឺ​ ព្រះរាម ។ ព្រះរាម​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ឯ​ស្ដេច​ចាម​ប្រៀប​បាន​ទៅ​នឹង​ក្រុងរាពណ៍ ។ នៅ​ពេល​ដែល​ព្រះស្វាមី​យាង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ខ្មាំង ព្រះនាង​ជ័យរាជទេវី បាន​ចូល​កាន់​សីល​ កាន់​ត្រណម គោរព​ទៅ​តាម​ក្បួន​ខ្នាត​ប្រពៃណី មិន​ហ៊ាន​ធ្វេស​ប្រហែស​សោះ​ឡើយ ។ ព្រះនាង​តែង​តែ​ខំ​សិក្សា​ស្វាធ្យាយ​ធម៌ បួងសួង​បន់ស្រន់​សុំ​ឲ្យ​ព្រះស្វាមី​បាន​ជួប​តែ​សេចក្ដី​សុខ និង​ជ័យជំនះ​លើ​សត្រូវ ។ ព្រះនាង​មាន​រូបរាង​កាយ​ស្គាំង​ស្គម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សក់​ព្រះនាង​ឡើយ ។ កាលណា​បើ​នឹក​ឃើញ​ទៅ​ដល់​ព្រះស្វាមី​ម្ដងៗ ព្រះនាង​តែង​តែ​ឈឺ​ចុក​ចាប់​ពើត​ក្នុង​ទ្រូង ។ តែ​ការ​ឈឺ​ចុកចាប់​នេះ​បាន​ធ្វើ​ឲ្យ​ព្រះនាង​សប្បាយ​រំសាយ​ទុក្ខ​ទៅ​ វិញ ។ ព្រះនាង​ជ័យរាជទេវី​នៅ​ស្មោះ​ត្រង់​រង់​ចាំ​ការ​វិល​ត្រឡប់​របស់​ ព្រះជ័យវរ្ម័ន​ជានិច្ច ។»

ជីវិត​តស៊ូ ព្យាយាម រង់ចាំ

នៅ ​គ.ស​១១៦០ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​កំពុង​តែ​ធ្វើ​ចម្បាំង​ប្រយុទ្ធ​ជាមួយ​កងទ័ព​នគរ​ ចម្ប៉ា​នៅ​មុខ​ទីក្រុង​វិជ័យ ។ គ្រានោះ ព្រះអង្គ​បាន​ទទួល​ដំណឹង​ថា​ព្រះបិតា​ព្រះអង្គ​ចូល​ទីវង្គត ហើយ​ព្រះបាទ​យសោវរ្ម័ន​ទី​២​បាន​ឡើង​សោយរាជ្យ​ជំនួស ។

នៅ ​ចំពោះ​មុខ​ស្ថានការណ៍​ផ្លាស់​ប្ដូរ​នេះ ព្រះអង្គ​ពុំ​បាន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​អ្វី​ទាំងអស់ ។ ព្រះអង្គ​នៅ​តែ​បន្ត​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​នគរ​ចាម ហើយ​គោរព​ស្មោះស្ម័គ្រ​បម្រើ​ព្រះ​មហាក្សត្រ​ថ្មី​ដោយ​គ្មាន​វៀច​វេរ ។ នៅ​ពេល​ដែល​ព្រះអង្គ​ទទួល​ដំណឹង​ដឹង​ថា នៅ​ព្រះរាជធានី​មាន​មន្ត្រី​ក្បត់​ចង់​ធ្វើ​ឃាត​ព្រះមហាក្សត្រ ព្រះអង្គ​បាន​ធ្វើ​ដំណើរ​យាង​ចូល​មក​នគរ​វិញ​ដើម្បី​ជួយ​ការពារ​ជ្រោមជ្រែង​ ព្រះរាជា ។ តែ​ព្រះអង្គ​មក​ដល់​យឺត​ពេល ហើយ​សោកនាដកម្ម​បាន​កន្លង​ហួស​ផុត​រួច​ស្រេច​បាត់​ទៅ​ហើយ ។ ព្រះបាទ​យសោវរ្ម័ន​ទី​២​ត្រូវ​គេ​ធ្វើ​ឃាត ហើយ​ព្រះរាជបុត្រ​ព្រះអង្គ​ ព្រះស្រីឥន្ទ្រកុមារ​ ក៏​ប្រហែល​ជា​អស់​សង្ខារ​ក្នុង​សម័យ​ជាមួយ​គ្នា​នោះ​ដែរ ។ ក្នុង​គ.ស​១១៦៥ បើ​តាម​សិលា​ចារឹក​ប្រាសាទ​បន្ទាយឆ្មារ ស្ដេច​ថ្មី​ព្រះនាម​ត្រីភុវ័នអាទិត្យ​បាន​រៀប​ចំ​ធ្វើ​ពិធី​ព្រះរាជាភិសេក ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរ​កម្ពុជា ។

កាលនោះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មិន​បាន​ក​កេណ្ឌ​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​តតាំង​ រាំង​ជល​នឹង​ស្ដេច​ជ្រែករាជ្យ​ដើម្បី​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ​ ទេ ។ ព្រះអង្គ​នៅ​នឹង​ស្ងៀម មិន​បណ្ដែត​បណ្ដោយ​ចិត្ត​គំនិត​អារម្មណ៍​ឲ្យ​ផ្លាស់​ប្ដូរ​ហក់​លោត​ទៅ​តាម​ មនោសញ្ចេតនា ភ្លើង​កំហឹង ការ​ប្រមាថ​ឆេវឆាវ និង​ការ​លោភលន់​ខ្វះ​ពិចារណា​ឡើយ ។ ព្រះអង្គ​បាន​សង្ងំ​រស់​នៅ​ប្រាសាទ​ព្រះខ័ន​ក្នុង​ខេត្ត​កំពង់ស្វាយ (ក្នុង​ខេត្ត​កំពង់ធំ​សព្វថ្ងៃ) យក​ពេល​ស្មឹងស្មាធិ៍ ត្រិះរិះ​ស្រាវជ្រាវ​សិក្សា​ ពិចារណា​រក​ផ្លូវ​ចម្រើន រង់ចាំ​ឱកាស​ល្អ​ដើម្បី​ដាក់​ខ្លួន​ចូល​បម្រើ​ជាតិ ។

លទ្ធផល​នៃ​ការ​តស៊ូ

ព្រះបាទ ​ជ័យវរ្ម័ន​ទី​៧​រង់ចាំ​អស់​រយៈពេល​១៧​ឆ្នាំ គ.ស​១១៦០‑១១៧៧ ទើប​ឱកាស​ល្អ​បាន​មក​ដល់ ។ ព្រឹត្តិការណ៍​នគរ​ចម្ប៉ា​វាយ​ប្រហារ​ចូល​លុកលុយ​ប្រទេស​កម្ពុជា និង​ការ​អស់​ព្រះជន្ម​របស់​ព្រះមហាក្សត្រ​ជ្រែក​រាជ្យ​បាន​រុញ​ច្រាន​ជម្រុញ ​ឲ្យ​ព្រះអង្គ​ចេញ​មុខ​បង្កបង្កើត​ចលនា​តស៊ូ​រំដោះ​ជាតិ ។ ព្រះអង្គ​ដឹក​នាំ​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​ចម្ប៉ា​អស់​រយៈពេល​៤​ឆ្នាំ ទើប​បាន​ទទួល​លទ្ធផល​ល្អ ។

នៅ​ គ.ស​១១៨១ ដែល​ព្រះអង្គ​បាន​រំដោះ​ជាតិ​មាតុភូមិ​ពី​កណ្ដាប់​ដៃ​ចាម ព្រះអង្គ​បាន​ប្រកាស​ជា​ព្រះមហាក្សត្រ​នគរ​កម្ពុជា ហើយ​ទទួល​ព្រះរាជាភិសេក​ក្នុង​ឆ្នាំ​ដដែល ។ កាល​នោះ តាម​ការ​ប៉ាន់ស្មាន​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ព្រះជមន្ម​ប្រហែល​ជា​ជាង​៥០​វស្សា ។ ចំណែក​ខាង​ព្រះអគ្គមហេសី​ជ័យរាជទេវី​វិញ ដើម្បី​ជា​ការ​អបអរ​ អរគុណ​ដល់​គុណ​បុណ្យ​បារមី​ព្រះរត្នត្រៃ​ដែល​បាន​ជួយ​ព្រះនាង​តាម​ការ​ បន់ស្រន់​បួងសួង ព្រះរាជទេពី​បាន​ធ្វើ​បុណ្យ​ចែក​ទាន​អំណោយ​គ្រប់​បែប​យ៉ាង​ដល់​វត្ត​អារាម និង​ប្រជានុរាស្ត្រ ។

ក្រោយ​ដែល​ ព្រះអគ្គមហេសី​ជ័យរាជទេវី​ចូល​ទីវង្គត ព្រះនាង​ឥន្ទ្រទេវី​ជាបង​ត្រូវ​បាន​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​បាន​អភិសេក​តែង ​តាំង​ជា​ព្រះអគ្គមហេសី ។ ព្រះនាង​ជា​ស្ត្រី​ម្នាក់​ដែល​មាន​វិជ្ជា​ខ្ពង់ខ្ពស់​ មាន​ប្រាជ្ញា​ភ្លឺថ្លា​មោះមុត ឈ្លាសវៃ​ពូកែ​ល្បីល្បាញ​ខាង​វិជ្ជា​អក្សរសាស្ត្រ មាន​ធម៌​មេត្តា​សន្ដោស ហើយ​គោរព​បូជា​ព្រះពុទ្ធសាសនា ។ ព្រះនាង​ជ័យរាជទេវី និង​ព្រះនាង​ឥន្ទ្រទេវី​ដែល​ជា​មហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​តី​៧​សុទ្ធ​តែ ​ធ្លាប់​ជួយ​ផ្ដល់​យោបល់​តូច​ធំ​ដល់​ព្រះស្វាមី​តាម​ព្រះពុទ្ធ​ឱវាទ ។

ព្រះបាទ ​ជ័យវរ្ម័ន​ទី​៧ ព្រះមហាក្សត្រ​ខ្មែរ គោរព​បូជា​ និង​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ផ្នែក​មហាយាន ។ ព្រះរាជបុត្រ​ព្រះអង្គ​ជា​ច្រើន​សុទ្ធ​តែ​មាន​ជំនឿ​ជឿ និង​ធ្វើ​សក្ការៈ​បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា ។ បុត្រ​ព្រះអង្គ​ព្រះនាម​ តមលិន្ត​ បាន​បួស​ជា​សង្ឃ ហើយ​ទៅ​បន្ត​ការ​សិក្សា​នៅ​កោះ​សេរីលង្កា ។ បុត្រ​មួយ​ទៀត ព្រះអង្គ​ វីរកុមារ ​ដែល​បាន​និពន្ធ​ចារ​អត្ថបទ​មួយ​យ៉ាង​ល្អ​វែក​ញែក​អធិប្បាយ​ពី​ព្រះពុទ្ធ​ សាសនា​លើ​ផ្ទាំង​ថ្ម​នៅ​ប្រាសាទ​ព្រះខ័ន ។

កិត្យានុភាព

ព្រះបាទ ​ជ័យវរ្ម័ន​ទី​៧ ដោយសារ​ការ​តស៊ូ​ព្យាយាម ព្រះអង្គ​បាន​ទទួល​ជោគជ័យ​ដែល​គេ​អាច​ចាត់​ទុក​ជា​ជោគជ័យ​ផ្ទាល់​ ខ្លួន ។ តែ​ព្រះអង្គ​បាន​យក​ជោគជ័យ​នេះ ឥទ្ធិពល​អំណាច ការ​ចេះ​ដឹង ការ​ពិសោធន៍ និង​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាស​វៃ​របស់​ព្រះអង្គ​មក​កសាង​ប្រទេស​ជាតិ​ ផ្ដល់​នូវ​សេចក្ដី​សុខ​ក្សេមក្សាន្ត​ សន្តិភាព​ ចម្រើន​លូត​លាស់​ដល់​ប្រជានុរាស្ត្រ ដោយ​គ្មាន​រើសអើង​វណ្ណៈ ។

ការ ​កសាង​របស់​ព្រះអង្គ​មិន​មែន​មាន​តែ​ប្រាង្គ​ប្រាសាទ​ធំ​ស្កឹមស្កៃ​ទេ ព្រះអង្គ​បាន​កសាង​ទំនុក​បម្រុង​សាសនា​ក៏​ដូចជា​ក្នុង​ផ្នែក​សង្គម​ជាតិ​ ដែរ ។

ក្នុង​រជ្ជកាល​ព្រះអង្គ​ នគរ​ចម្ប៉ា​បាន​ក្លាយ​ទៅ​ជា​ខេត្ត​ខណ្ឌ​ខ្មែរ ទឹក​ដី​ខ្មែរ​ក៏​បាន​លាត​សន្ធឹង​ធំ​វែង​ឆ្ងាយ​ជា​មហាអំណាច​មួយ​យ៉ាង​ធំ​ដែរ​ នៅ​ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍ ។ ចក្រភព​ខ្មែរ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​ កម្ពុជា ចម្ប៉ា​ បច្ចុប្បន្ន​លាវ សៀម និង​ទឹក​ដី​មួយ​ភាគ​ធំ​នៃ​ប្រទេស​ភូមា និង​ម៉ាឡេស៊ី ។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ចូល​ទីវង្គត​នៅ​ក្នុង​គ.ស​១២០១ ។

៤. ការ​កសាង និង​ស្នាដៃ

ដូច ​ដែល​យើង​បាន​អធិប្បាយ​ខ្លះ​មក​ហើយ ស្នាដៃ និង​ការ​កសាង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​វត្តមាន​នៅ​តាម​ខេត្ត​ខណ្ឌ​ នានា​ពាសពេញ​ទឹក​ដី​ខ្មែរ ។ គឺ​ជា​សក្ខីភាព​ដែល​បញ្ជាក់​អំពី​ទំហំ​ទឹកដី​ពិត​ប្រាកដ​របស់​ប្រទេស​ កម្ពុជា ។

ការ​កសាង និង​ស្នាដៃ​ទាំង​នោះ​បាន​រៀបចំ​ស្ថាបនា​ឡើង​តម្រូវ​សម្រាប់​បម្រើ​មជ្ឈដ្ឋាន ​សាសនា​ផង និង​សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ផង ។ សមិទ្ធិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​ច្រើន​សម្បូណ៌ ច្បាស់លាស់ ក្បោះក្បាយ​ដែល​អាច​ជា​ជំនួយ​ជា​ឯកសារ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ វែក​ញែក​អំពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ឫសគល់​ខ្មែរ ។

ប្រាង្គ​ប្រាសាទ

ក្នុង ​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រះបាទ​ជ័វរ្ម័ន​ទី​៧​ជា​ព្រះមហាក្សត្រ​ដែល​បាន​សង់​ប្រាង្គ​ប្រាសាទ​ច្រើន ​ជាង​ក្សត្រ​ឯ​ទៀត ។ ប្រាសាទ​ទាំង​នោះ​ច្រើន​ស្ថិត​នៅ​ជិត ឬ​ក្នុង​រង្វង់​នគរ​ធំ​ថ្មី​ដែល​ព្រះអង្គ​ទើប​តែ​សម្រេច​ចិត្ត​កសាង ។

នគរ​ធំ ឬ​មហានគរ ដែល​ត្រូវ​ឆេះ​បាក់​បែក​ខូចខាត​អន្តរាយ​អស់​ជា​ច្រើន​ត្រូវ​បាន​ព្រះបាទ​ ជ័យវរ្ម័ន​ទី​រៀបចំ​ចាត់​ចែង​ឲ្យ​កសាង​ជាថ្មី ។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មហានគរ​ត្រូវ​សាងសង់ ។ នគរ​ធំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​ឯក​ ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើត​សិល្បៈ​ថ្មី​មួយ​ដែល​វិវត្ត​ទៅ​តាម​ ចលនា​របស់​សង្គម​ជាតិ ។ នគរ​ធំ​ដែល​ស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ​ ជា​ស្នាដៃ​យ៉ាង​ធំ​ធេង​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

នគរ ​ធំ ឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង​៣​គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ប្រហែល​៩​គីឡូម៉ែត្រ​ក្រឡា ។ នគរ​ធំ​មាន​កសិណ (គូ ឬ ប្រឡាយ​ទឹក) ដែល​មាន​ទទឹង​ប្រវែង​១០០​ម៉ែត្រ និង​ជម្រៅ​៥​ ឬ​៦​ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ ។ ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចម្លាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ ។ ទេវតា និង​យក្ស ម្ខាងៗ​មាន​គ្នា​៥៤​នាក់ ។ បន្ទាប់​មក យើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ ព្រះលោកេស្វរៈ ។

ជ្រុង​នគរ​ធំ​ នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន ។ លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​ គឺ​ទ្វារ​ជ័យ​មួយទៀត​ដែល​ចាក់​ចំ​ទៅ​រក​ប្រសាទ​ភិមានអាកាស ។ តាម​ខ្លោង​ទ្វារ​ទាំង​បួន​ទិស​មាន​ផ្លូវ​បួន​ទៅ​ជួប​កាត់​គ្នា​ចំ​កណ្ដាល​ ទីក្រុង​នគរ​ធំ​ដែល​នៅ​ទី​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧​បាន​សាង​ប្រាសាទ​មួយ​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​ប្រាសាទ​មុនៗ ។ តជាប់​នឹង​ខ្លោង​ទ្វារ​មាន​ជញ្ជាំង​ថ្ម​យ៉ាង​ខ្ពស់​សម្រាប់​ការពារ​ទីក្រុង​ ដែល​គេ​អាច​ដើរ​យាម​កាម​ចុះ​ឡើង​បាន ។ នៅ​ជាប់​កំពែង​នោះ​មាន​ប្រឡាយ​ទឹក​តូច​មួយ​ទៀត​ព័ទ្ធ​ជុំវិញ​មហានគរ​ ហើយ​ហូរ​ភ្ជាប់​ចូល​ទៅ​ក្នុង​ស្រះ​ធំ​មួយ​ឈ្មោះ បឹងធំ ដែល​មាន​បណ្ដោយ​ប្រវែង​៤០០​ម៉ែត្រ និង​ទទឹង​២០០​ម៉ែត្រ ។

ដោយ ​សម្អាង​ទៅ​តាម​ទំហំ​ដី​ស្រែ​ចម្ការ​នៅ​ជិត​ជុំ​វិញ​ដែល​មាន​បញ្ជាក់​នៅ​ ក្នុង​សិលាចារឹក​ ដោយ​យោល​ទៅ​តាម​នយោបាយ​ទឹក​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ចំនួន​បារាយណ៍ ស្រះ​ព្រែក និង​គូ​ជា​ច្រើន បូក​រួម​ទាំង​ប្រជាជន​ដែល​ប្រកប​មុខ​របរ​ផ្សេង​ទៀត​ផង នគរ​ធំ ឬ​មហានគរ​ត្រូវ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ពី​៧០០.០០០ ទៅ​៧៥០.០០០​នាក់ ។ នេះ​ជា​ការ​គន់​គូរ​ប៉ាន​ស្មាន​របស់​អ្នក​ប្រវត្តិវិទូ និង​អ្នក​បុរាណវិទ្យា ។

តាម​អ្នក ​ឯកទេស​ដែល​សិក្សា​អំពី​បូរាណវិទ្យា នគរ​ធំ​ត្រូវ​បាន​សង់​ទៅ​តាម​បែប​ផែន​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ។ ទស្សនៈ​អ្នក​កាន់​ព្រះពុទ្ធសាសនា​យល់​ថា​ នៅ​ចំ​កណ្ដាល​ចក្រវាល​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​គេ​ឲ្យ​ឈ្មោះ​ ភ្នំព្រះសុមេរុ ។ ភ្នំ​នេះ​មាន​កំពូល​ប្រាំ ហើយ​នៅ​លើ​កំពូល​ភ្នំ​មាន​ស្ថាន​សួគ៌​បី​ជាន់ ។ ឯការ​សាងសង់​នគរ​ធំ​ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ ។ គឺ​ជា​ទីក្រុង​មួយ​រាង​បួន​ជ្រុង​ដែល​នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​មួយ​ទៀត​ជា​ តំណាង​ភ្នំ​ព្រះសុមេរុ ។ ប្រាសាទ​នេះ​គឺ​ប្រាសាទ​បាយ័ន ដែល​ខ្មែរ​ច្រើន​តែ​ហៅ​ ព្រហ្មបាយ័ន ។

ប្រាសាទ​បាយ័ន គឺ​ជា​ឈ្មោះ​ប្រាសាទ​ថ្មី​​នេះ​ដែល​ព្រះអង្គ​បាន​សង់​ឡើង​សម្រាប់​ឧទ្ទិស​ ថ្វាយ​ជូន​ចំពោះ​ព្រះពុទ្ធសាសនា ។ ប្រាសាទ​បាយ័ន​បែរ​មុខ​ទៅ​ទិស​ខាង​កើត មាន​បណ្ដោយ​ប្រវែង​១៤០​ម៉ែត្រ ទទឹង​១៣០​ម៉ែត្រ​ មាន​កំពូល​ទាំង​អស់​៥៤ ដូច​ចំនួន​ទេវតា និង​យក្ស​ដែល​យាម​នៅ​តាម​ស្ពាន​ចូល​នគរ​ធំ ។ កំពូល​កណ្ដាល​ដែល​ខ្ពស់​ជាង​គេ​មាន​កម្ពស់​៤២​ម៉ែត្រ ។ កំពូល​នីមួយៗ​មាន​រូប​ចម្លាក់​ព្រះលោកេស្វរៈ​ព្រះភក្ត្រ​បួន​ដែល​ខ្មែរ​ សាមញ្ញ​និយម​ហៅ​ថា​ ព្រះព្រហ្ម ។ ដូច្នេះ​លើ​ប្រាសាទ​បាយ័ន​មាន​ព្រះភក្ត្រ​លោកេស្វរៈ​ទាំង​អស់​២១៦​ ដែល​ញញឹម​បែរ​សម្លឹង​មើល​ទៅ​រក​កូន​ចៅ​ខ្មែរ​ និង​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន​ចាំ​ថែរក្សា​ការពារ​នគរ​កម្ពុជា​ទប់ទល់​ ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​គ្រប់​ទិសទី ។

លក្ខណៈ ​ប្រាសាទ​បាយ័ន​មួយ​ទៀត​ដែល​ខុស​ប្លែក​អំពី​ប្រាសាទ​ជំនាន់​មុន​គឺ​ស្ថិត​នៅ ​ត្រង់​សិល្បករ​ខ្មែរ​បាន​យក​ទិដ្ឋភាព​ជីវភាព​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ សង្គ្រាម​រវាង​ខ្មែរ​នឹង​ចាម និង​ទស្សនៈ​សាសនា​មក​ឆ្លាក់​ដាក់​ផ្ទឹម​ក្នុង​បរិវេណ​ជាមួយ​គ្នា ។ តាម​ចម្លាក់​ទាំង​នោះ គេ​អាច​ឃើញ​នូវ​ទំនាក់​ទំនង​ជិត​ជាប់​គ្នា​រវាង​ព្រះពុទ្ធ ស្ថានសួគ៌ និង​លោកិយ ដែល​ជា​ទិដ្ឋភាព​មួយ​មិន​ធ្លាប់​មាន​ក្នុង​រូប​ចម្លាក់​ជំនាន់​ដើម​ដែល​លើក​ យក​តែ​ប្រវត្តិ​ព្រះអាទិទេព និង​ទេវកថា​ផ្សេងៗ​មក​បកស្រាយ ។

ប្រាសាទ ​តាព្រហ្ម ប្រាសាទ​ព្រះខ័ន (សៀមរាប) ប្រាសាទ​ព្រះខ័ន (កំពង់ស្វាយ ក្នុង​ខេត្ត​កំពង់ធំ) ប្រាសាទ​បន្ទាយឆ្មារ (បន្ទាយមានជ័យ) ប្រាសាទ​បន្ទាយក្ដី ប្រាសាទ​តាសោម នាគព័ន្ធ ស្រះស្រង់ (នគរ​ធំ សៀមរាប) និង​ប្រាសាទ​ភិមាយ (ប្រទេស​សៀម) សុទ្ធ​សឹង​ជា​ស្នាដៃ​ដ៏​សំខាន់​ ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​កសាង ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ឧទ្ទិស​ប្រាង្គ​បាសាទ​ទាំង​នោះ​ថ្វាយ​ជូន​ទៅ​ មាតា​បិតា ជីដូន​ជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និង​វីរបុរស​ខ្មែរ​ជា​ច្រើន​ដែល​ធ្លាប់​មាន​គុណ​បំណាច់​មក​លើ​ប្រទេស​ ជាតិ ។ នៅ​តាម​ប្រាសាទ គេ​សង្កេត​ឃើញ​ព្រះបដិមា និង​រូប​ចម្លាក់​ខ្លះ​មាន​ព្រះភក្ត្រ​មុខ​មាត់​ដូច​តួ​អង្គ​ដែល​គេ​គោរព​ បូជា​ និង​រម្លឹក ។

មន្ទីរ​ពេទ្យ ចំនួន​១០២ ត្រូវ​បាន​ព្រះអង្គ​កសាង​នៅ​តាម​ខេត្ត​ខណ្ឌ​នានា​ក្នុង​ព្រះរាជាណាចក្រ មាន​នៅ​លើ​ទឹកដី​ប្រទេស​លាវ សៀម​មួយ​ផ្នែក ទុក​សម្រាប់​ទំនុក​បម្រុង​ព្យាបាល​ប្រជានុរាស្ត្រ ។

សិលាចារឹក ​ខ្មែរ​នៅ​ប្រាសាទ​តាព្រហ្ម និង​សាយហ្វុង​ក្នុង​ប្រទេស​លាវ​បាន​កត់​ត្រា​រៀបរាប់​អធិប្បាយ​យ៉ាង​ ក្បោះក្បាយ​អំពី​មន្ទីរពេទ្យ​ទាំង​នោះ ទាំង​ផ្នែក​ចាត់ចែង​គ្រប់គ្រង​ផ្គត់ផ្គង់​ ទាំង​ផ្នែក​ចំណាយ និង​ឈ្មោះ​ថ្នាំ​សង្កូវ ។ មន្ទីរ​ពេទ្យ​នីមួយៗ​មាន​គ្រូពេទ្យ និង​បុគ្គលិក​រាជការ​រាប់​រយ​នាក់​ដែល​មាន​ភារៈកិច្ច​ជួយ​ថែរក្សា​ព្យាបាល​ អ្នក​ជម្ងឺ ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៤​វណ្ណៈ​មាន​សិទ្ធិ​សេរីភាព​អាច​មក​ព្យាបាល​រោគ​ ជម្ងឺ​នៅ​ទី​នេះ​បាន ។

សិលាចារឹក ​ខ្មែរ​បាន​រម្លឹក​អំពី​ទឹក​ចិត្ត​ និង​ទុក្ខ​ព្រួយ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដោយ​សង្កត់​យ៉ាង​ធ្ងន់​ ថា ៖ «ព្រះអង្គ​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ដោយសារ​ទុក្ខ​ព្រួយ​របស់​ប្រជានុរាស្ត្រ ខ្លាំង​ហើយ​ធ្ងន់​ជាង​ការ​ឈឺ​ចាប់​របស់​ព្រះអង្គ​ផ្ទាល់ ។ គឺ​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ដែល​នាំ​មក​នូវ​ក្ដី​ឈឺ​ចុកចាប់​ដល់​ ព្រះមហាក្សត្រ» ។

មន្ទីរពេទ្យ​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ស្ថិត​ស្ថេរ​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​ខ្លះ ​ដែរ ។ មុន​សម័យ​កម្ពុជា​កើត​មាន​សង្គ្រាម​នា​ទសវត្សរ៍​១៩៧០ អ្នកស្រាជ្រាវ​បារាំង​បាន​រក​ឃើញ​មន្ទីរ​ពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ចំនួន​៣៣ ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង​១០២ ។ មន្ទីរពេទ្យ​ដែល​គេ​រក​ឃើញ​ ក្រៅ​អំពី​នៅ​ក្នុង​ស្រុក​ខ្មែរ​ មាន​នៅ​ប្រទេស​លាវ ប្រទេស​សៀម និង​យួន ។ គេ​សង្កេត​ឃើញ​មន្ទីរពេទ្យ​ទាំង​នោះ​មាន​ទំហំ មាន​រូបរាង​ទ្រង់ទ្រាយ និងការ​ចាត់​ចែង​រៀប​ចំ​ដូច​គ្នា ។ មិន​តែ​ប៉ុណ្ណោះ តាម​ទីកន្លែង​នីមួយៗ គេ​ក៏​បាន​រៀបចំ​ឲ្យ​មាន​ព្រះពុទ្ធរូប​ទុក​ជាទី​សក្ការបូជា​សម្រាប់​អ្នក​ ជម្ងឺ​ដែរ ។

ធម្មសាលា ឬ​សាលាសំណាក់ ក៏ ​មាន​ពាសពេញ​ទឹក​ដី​ខ្មែរ​ដែរ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​សង់​សាលា​សំណាក់​ទាំង​អស់​១២១ នៅ​តាម​ផ្លូវ​ឆ្ងាយ​ដែល​ចេញ​ពី​មហានគរ​ទៅ​ទីក្រុង​សំខាន់ៗ​ក្នុង​នគរ ។ សិលាចារឹក​ខ្មែរ​ជា​ច្រើន​បាន​បញ្ជាក់​បង្ហាញ​ជា​សក្ខីភាព​នៃ​ការ​កសាង​ ផ្លូវ​ថ្នល់​គមនាគមន៍​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ។

សិលាចារឹក​ប្រាសាទ​ព្រះខ័ន​បាន​ចារ​ឆ្លាក់​ទុក​មក​ថា ៖

  1. ពីព្រះរាជធានី ​នគរ​ធំ​ទៅ​ទីក្រុង​ចម្ប៉ា មាន​ធម្មសាលា​៥៧ ដែល​សង់​ហូរ​ហែ​តាម​ផ្លូវ​សម្រាប់​ជា​កន្លែង​ឈប់​សំណាក់​ដល់​អ្នក​ ដំណើរ ។ ធម្មសាលា​នីមួយៗ​សុទ្ធ​តែ​មាន​ភ្លើង​សម្រាប់​បំភ្លឺ
  2. ពី​នគរ​ធំ​ទៅ​ទីក្រុង​ភិមាយ​មាន​ធម្មសាលា​១៧
  3. ពី ​រាជធានី​នគរ​ធំ​ទៅ​ទីក្រុង​ជ័យវត្តី ពី​ជ័យវត្តី​ទៅ​ទីក្រុង​សុវីរបុរៈ ហើយ​ជា​បញ្ចប់​ពី​សុវីរបុរៈ​ទៅ​ព្រះរាជធានី​យសោបុរៈ ឬ​នគរ​ធំ ឬ​មហានគរ ធម្មសាលា​មាន​ចំនួន​៤៤ ដោយ​មាន​ភ្លើង​សម្រាប់​បំភ្លឺ​ដែរ
  4. ធម្មសាលា​មាន​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ទីក្រុង​នីមួយៗ​នៅ​ស្រីសុរិយាបព៌ត ស្រីវិជ័យអាទិត្យបុរៈ និង​ កល្យាណសិទ្ធិក ។

ធម្មសាលា​ទាំង​នេះ បើ​យើង​គិត​ទៅ​តាម​ចម្ងាយ​ផ្លូវ​សង់​ចន្លោះ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពី​១២​គ.ម ទៅ​១៨.៥០​គ.ម ។

នេះ ​ជា​សក្ខីភាព​ដែល​បញ្ជាក់​អំពី​ផ្លូវ​គមនាគមន៍ អំពី​ទំហំ​ទឹកដី សកម្មភាព​ធ្វើ​ដំណើរ​ និង​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​នា​សម័យ​សតវត្ស​ទី​១២ ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ខំ​ ប្រឹង​កសាង​បណ្ដាញ​សេដ្ឋកិច្ច ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​បណ្ដារាស្ត្រ ។

ធម្មសាលា ឬ​សាលា​សំណាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មាន​សល់​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​ លើ​ទឹកដី​កម្ពុជា នៅ​ប្រទេស​លាវ សៀម និង​យួន ។

៥. ទស្សនៈ​នយោបាយ

ព្រះបាទ ​ជ័យវរ្ម័ន​ទី​៧​ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ដ៏​ធំ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ ។ ព្រះអង្គ​ព្រម​ទាំង​ព្រះអគ្គមហេសី​ទាំង​ពីរ​អង្គ​បាន​ធ្វើ​ពលិកម្ម បរិច្ចាក​កម្លាំង​ពលំ ទ្រព្យសម្បត្តិ ដើម្បី​បូជា​ថ្វាយ​ចំ​ពោះ​ប្រទេស​ជាតិ និង​ប្រជាជន ។

ព្រះអង្គ​បាន​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រួច​ខ្លួន​ចេញ​ពី​នឹម​នគរ​ចម្ប៉ា ហើយ​បាន​កសាង​នគរ​ឲ្យ​ក្លាយ​ទៅ​ជា​មហាអំណាច​មួយ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​ អាគ្នេយ៍ ។ ស្នាដៃ និង​កត្យនុភាព​របស់​ព្រះអង្គ​មិន​មែន​កើត​ដោយ​ឯង​ ចៃដន្យ​នោះ​ទេ ។ អ្វីទាំង​អស់​សុទ្ធ​តែ​ជា​ការ​គិត​គូរ ត្រិះរិះ​ពិចារណា ស្វែង​រក​ដឹង​រក​យល់​ជា​ការ​កសាង​រៀបចំ​ព្យាយាម ដាក់​ទិសដៅ​ជា​គម្រោង​ផែនការណ៍ និង​ជាការ​កសាង ។ តាមរយៈ​ប្រវត្តិ​របស់​ព្រះអង្គ យើង​អាច​ស្គាល់ និង​យល់​យ៉ាង​ច្បាស់​អំពី​ទឹក​ចិត្ត​ស្នេហា​ជាតិ អំពី​ឧត្ដមគតិ ទ្រឹស្ដី និង​ទ្សនៈ​នយោបាយ​កសាង​ប្រទេស​ជាតិ​របស់​ព្រះអង្គ ។

ចំណោទ

នៅ ​ចំពោះ​មុខ​ព្រឹត្តិការណ៍​នគរ​ដ៏​ធំ​ធ្ងន់ធ្ងរ​ដែល​កំពុង​តែ​ផ្លាស់​ប្ដូរ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ជា​ព្រះរាជបុត្រ​របស់​ស្ដេច​ផែនដី​ត្រូវ​ប្រកាន់​ឥរិយាបថ​ ដូចម្ដេច ?

បើ​យោល​ទៅ​តាម​ ប្រវត្តិ​របស់​ព្រះអង្គ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ព្រះអង្គ​បាន​ចោទ​ជា​សំណួរ​សួរ​ខ្លួន​ឯង​ជាមុន​រួច​ស្រេច​ទៅ​ហើយ ។ សំណួរ​ទាំង​នោះ​មាន​ដូចជា ៖

  1. តើ​ព្រះអង្គ​ ត្រូវ​ធ្វើ​ដូច​ម្ដេច បើ​នៅ​ពេល​ព្រះបិតា​ព្រះអង្គ​ចូល​ទីវង្គត ក្សត្រ​មួយ​ទៀត​ក្នុង​ព្រះញាតិវង្ស​មក​ឆក់​ដណ្ដើម​រាជ្យសម្បត្តិ​ពី​ដៃ​ ព្រះអង្គ ?
  2. តើ​ព្រះអង្គ​ត្រូវ​ប្រកាន់​អាកប្បកិរិយា​ ដូចម្ដេច​ដែរ​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​ពេញ​ច្បាប់​ត្រូវ​នាម៉ឺន​ក្បត់​លប​ លួច​ធ្វើ​ឃាត ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះរាជា ?
  3. តើ ​ព្រះអង្គ​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​ដែល​ ព្រះមហាក្សត្រ​ត្រូវ​អស់​ព្រះជន្ម ហើយ​ទឹកដី​ត្រូវ​សត្រូវ​បរទេស​វាយ​ប្រហារ​ចូល​លុក​លុយ បំផ្លិច​បំផ្លាញ​កាន់​កាប់​ត្រួតត្រា​ដាក់​ជា​នគរ​ចំណុះ ?
  4. តើ ​ព្រះអង្គ​ត្រូវ​រៀប​ចំ​ផែនការ​ដូចម្ដេច ដើម្បី​ស្ដារ​កសាង​ប្រទេស​ជាតិ​ដែល​ទើប​តែ​ឆ្លង​ផុត​ចេញ​ពី​ភ្លើង​ សង្គ្រាម ? ជា​ពិសេស​ដើម្បី​វាសនា​អនាគត​របស់​ប្រទេស​ជាតិ ?

ទ្រឹស្ដី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

ចម្លើយ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ស្ថិត​នៅ​ក្នុង​ឥរិយាបថ និង​សកម្មភាព​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ។ ចម្លើយ​ទាំង​នេះ​ជា​ទ្រឹស្ដី និង​ជា​គោលទស្សនៈ​នយោបាយ​ធំ​របស់​ព្រះអង្គ​ក្នុង​ការ​ដឹកនាំ​ និង​កសាង​ប្រទេស​ជាតិ ។ ទ្រឹស្ដី​នយោបាយ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​អាច​រក​ឃើញ​នៅ​តាម​សិលាចារឹក​ផ្សេងៗ​ដូច​ដែល​យើង​ធ្លាប់​បាន​រៀបរាប់​ពី ​ខាងលើ​មក​ស្រាប់ ។ ទ្រឹស្ដី​នយោបាយ​របស់​ព្រះអង្គ​ដែល​យើង​អាច​កត់​សម្គាល់​មាន​ដូចជា ៖

  1. ការ ​គោរព​ច្បាប់​ជា​បញ្ញត្តិ​ធំ​បង្អស់​សម្រាប់​អ្នក​ដឹកនាំ​ប្រទេស​ ជាតិ ។ នៅ​ពេល​ដែល​ព្រះបាទ​យសោវរ្ម័ន​ទី​២​ត្រូវ​បាន​តែងតាំង​ឡើង​ធ្វើ​ជា​ស្ដេច ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មិន​បាន​បញ្ចេញ​អាកប្បកិរិយា​ប្រឆាំង​ជំទាស់​ទេ ។ ព្រះអង្គ​សុខ​ចិត្ត​ដាក់​ខ្លួន​គោរព​ព្រះមហាក្សត្រ​ថ្មី​ដោយ​ក្ដី​ ស្មោះស្ម័គ្រ ។ គឺ​ព្រះអង្គ​គោរព​ច្បាប់​បទបញ្ជា​ដែល​នាម៉ឺន​មុខ​មន្ត្រី​ទាំងអស់​បាន​ សម្រេច ។
  2. និយមសន្តិភាព​ជៀសវាង​មិន​បង្កបង្កើត​ សង្គ្រាម​ក្នុង​ស្រុក​កាប់​សម្លាប់​តែ​ប្រជាជន​ជាតិ​ឯង ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​ជា​បុត្រ​ព្រះមហាក្សត្រ និង​ជា​មេទ័ព​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ស្ថិត​នៅ​ក្រោម​បង្គាប់​មាន​លទ្ធភាព ​គ្រប់​យ៉ាង​នឹង​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​រជ្យសម្បត្តិ​មក​វិញ ។ តែ​ព្រះអង្គ​មិន​ព្រម​យក​កម្លាំង​អាវុធ​មក​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​ ទេ ។ ក្នុង​ឱកាស​ដែល​នាម៉ឺន​ត្រីភុវ័នអាទិត្យវរ្ម័ន​ក្បត់​លួច​ធ្វើឃាត​ព្រះ​ យសោវរ្ម័ន​ទី​២ ព្រះអង្គ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដោយ​សមស្រប​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្រឹត្យ​វិន័យ​នឹង​លើក​ទ័ព​ទាហាន​ពលរេហ៍ ​ចេញ​មក​កម្ចាត់​ខ្មាំង​ជ្រែក​រាជ្យ ។ តែ​ព្រះអង្គ​នៅ​ស្ងៀម​បែរ​ជា​ទៅ​សម្ងំ​មិន​បញ្ចេញ​សកម្មភាព​អ្វី​ទាំង​ អស់ ។
  3. ការពារ​ជាតិ​មាតុភូមិ​ក្នុង​គ្រា​អាសន្ន​ដែល​ សត្រូវ​បរទេស​ចូល​មក​ឈ្លាន​ពាន ។ គឺ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ស្ដេច​នគរ​ចម្ប៉ា​ព្រះបាទ​ជ័យឥន្ទ្រវរ្ម័ន​ទី​៤ លើក​ទ័ព​ចូល​មក​វាយ​ប្រហារ​កាន់កាប់​ប្រទេស​កម្ពុជា ព្រះមហាក្សត្រ​ខ្មែរ​អស់​ព្រះជន្ម​ទៀត ទើប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សម្រេច​ចិត្ត​ចេញ​មុខ​មក​រំដោះ​ជាតិ ។
  4. ដើម្បី ​ឡើង​កាន់​អំណាច​ គេ​ត្រូវ​ចេះ​លាក់​ខ្លួន​ អត់ធ្មត់ រង់ចាំ​ពេល​វេលា ។ គេ​ត្រូវ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ប្រសើរ ជា​អ្នក​អាច​ដោះស្រាយ​ស្រោច​ស្រង់​ប្រទេស​ជាតិ​ពី​មហន្តរាយ ។ ដោយ​ដឹង​ថា​កម្លាំង និង​មធ្យោបាយ​ព្រះអង្គ​មិន​គ្រប់គ្រាន់​នឹង​ដណ្ដើម​យក​អំណាច​បាន ជ័យវរ្ម័ន​ទី​៧​បាន​នៅ​ស្ងៀម​យក​ពេល​វេលា​ទុក​សម្រាប់​ត្រិះរិះ​ពិចារណា​រក​ មាគ៌ា​ល្អ​ដែល​ត្រូវ​អនុវត្ត​ទៅ​ថ្ងៃ​ក្រោយ ។
  5. ដើម្បី ​យក​ជ័យជំនះ​ឈ្នះ​លើ​សត្រូវ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន គេ​ត្រូវ​ប្រើ​វិធី​វាយ​ឆ្មក់​ ឬ​មួយ​គេ​ត្រូវ​ទុក​ឲ្យ​សត្រូវ​វាយ​ប្រយុទ្ធ​នឹង​សត្រូវ​មួយ​ទៀត រហូត​ទាល់​តែ​ទន់​ខ្សោយ អស់​កម្លាំង​ទើប​គេ​ធ្វើ​អន្តរាគមន៍​ជា​ចុង​ក្រោយ​ទៅ​បង្ហើយ​យក​អំណាច​តែ​ ម្ដង ។ ប្រហែល​ជា​ដឹង​ច្បាស់​ថា​ ខ្លួន​មាន​កម្លាំង​ស្ទើរ​មិន​គ្រប់គ្រាន់ ដឹង​ថា​ស្ដេច​យសោវរ្ម័ន​ទី​២​មាន​មនុស្ស​ចង់​ធ្វើ​គត​ជា​ច្រើន ហើយ​និង​ដឹង​ថា​ស្ដេច​ជ្រែក​រាជ្យ​ត្រីភុវ័នអាទិត្យវរ្ម័ន​នឹង​ត្រូវ​ក្រុម​ ផ្សេង​ក្បត់​ប្រឆាំង ទើប​បាន​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សុខ​ចិត្ត​សំងំ​ រង់ចាំ​ពេលវេលា​ល្អ ដូច​ដែល​មាន​ឆ្លាក់​ចារ​លើ​សិលាចារឹក ។
  6. យក​បញ្ហា​ អាយុជិវិត​ អនាគត​រាស្ត្រ​ធ្វើ​ជា​ធំ​មុន​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ ។ ព្រះមហាក្សត្រ ឬ​អ្នក​ដឹកនាំ​ជាតិ​ត្រូវ​ចេះ​យក​ទុក្ខ​ព្រួយ​វេទនា ភាព​ក្រីក្រ​តោកយ៉ាក​លំបាក​លម្បិន រហេមរហាម សោកសៅ​របស់​ប្រជាជាជន​មក​ធ្វើ​ជា​ទុក្ខ​ព្រួយ​ឈឺ​ចុកចាប់​របស់​ខ្លួន​ឯង​ ផ្ទាល់ ។ គេ​ត្រូវ​ចាត់​ទុក​ទុក្ខរាស្ត្រ​ជា​ធំ ធំ​ជាង​ទុក្ខ​ផ្ទាល់​របស់​ខ្លួន ។ ផ្ទុយ​ទៅ​វិញ បើ​គេ​នាំ​គ្នា​សប្បាយ​លើ​ខ្នង​រាស្ត្រ ហើយ​ចាត់​ទុក​រាស្ត្រ​ជា​វណ្ណៈ​ទាសករ​ចាំ​តែ​បម្រើ​ខ្លួន ក្រុម​គ្រួសារ​បក្ស​ពួក​ខ្លួន ពេល​នោះ​ប្រទេស​ជាតិ​នឹង​កើត​មាន​អន្តរកប្ប​ជា​មិន​ខាន ។
  7. ការ ​ដណ្ដើម​យក​អំណាច​ជា​រឿង​មួយ ។ ការ​រំដោះ​ជាតិ​ចេញ​ពី​នឹម​អាណានិគម​បរទេស​ជា​រឿង​មួយ ។ ហើយ​ការ​កសាង​ជាតិ​ឲ្យ​បាន​ស្គាល់​សេចក្ដី​សុខ​សប្បាយ​ចម្រុង​ចម្រើន​រុង​ រឿង​ជា​រឿង​មួយ​ទៀត ។ បញ្ហា​ទាំង​បី​នេះ​មាន​អត្ថន័យ​ខុស​គ្នា​ទាំង​ស្រុង ។ អ្នក​ដែល​ដណ្ដើម​អំណាច​បាន អ្នក​ដែល​រំដោះ​ជាតិ​បាន​មិន​មែន​ពិត​ជា​អាច​កសាង​ជាតិ​រក​សេចក្ដី​សុខ​ជូន​ រាស្ត្រ​បាន​ទេ ។ ត្រង់​ចំណុច​នេះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យល់​ច្បាស់​ណាស់ ។

ដូច្នេះ ​ហើយ​បាន​ជា​ក្នុង​ការ​កសាង​ ស្វែង​រក​សេចក្ដី​សុខ​សប្បាយ​ លូតលាស់​ ថ្កុំថ្កើង​ជូន​ប្រជាជន និង​ជាតិ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​កំណត់​ទៅ​លើ ៖

  1. ការ​រៀប​ចំ​បញ្ហា​ការពារ​ប្រទេស​ឲ្យ​បាន​មាំមួន​ដូច​ជា​ការ​សាងសង់​កំពែង​នគរ​ធំ ។ល។
  2. ការ​រៀបចំ​បណ្ដាញ​ទឹក​សម្រាប់​ប្រកប​កសិកម្ម
  3. ការ​រៀប​ចំ​ផ្លូវ​គមនាគមន៍​ឆ្វាត់ឆ្វែង​ទៅ​គ្រប់​ទិសទី​ដោយ​មាន​សាលា​សំណាក់​សម្រាប់​ឈ្មួញ ឬ​អ្នក​ដំណើរ
  4. សេដ្ឋកិច្ច​រឹងប៉ឹង​ខ្លាំងក្លា​ដែល​អាច​មាន​ដំណើរ​ដើរ​ល្អ​ដោយ​សារ​កត្តា​ខាងលើ
  5. ការ​ដោះស្រាយ​បញ្ហា​សង្គមកិច្ច ជាពិសេស បញ្ហា​សុខាភិបាល​ដោយ​មាន​កសាង​មន្ទីរពេទ្យ​ជាដើម ។ល។

សាសនា​ជា​ឧបករណ៍​នយោបាយ

តែ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យល់​ថា ទ្រឹស្ដី និង​ចម្លើយ​ទាំង​ប៉ុន្មាន​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​កសាង​ប្រទេស​ ជាតិ ។ ទ្រឹស្ដី​ដែល​វិវត្តិ​ទៅ​តាម​កាលវេលា គ្មាន​អ្វី​ជា​ស្ថិតស្ថេរ ហើយ​អាច​រលត់​រលាយ វិវត្ត​ផ្លាស់​ប្ដូរ​យ៉ាង​ងាយ ។ គ្រានោះ ជាតិ​មាន​តែ​សំបក​ក្រៅ តែ​គ្មាន​ប្រលឹង​ គ្មាន​វិញ្ញាណ​អ្វី​ទាំង​អស់ ។

ប្រហែល ​ជា​សម្អាង​ទៅ​លើ​ព្រឹត្តិការណ៍​ជាតិ​ ទៅ​លើ​បញ្ហា​នគរ​ដែល​ធ្លាប់​តែ​ចោទ​ក្នុង​អតីតកាល ទៅ​លើ​ជម្លោះ​សាសនា​ ទៅ​លើ​ការ​រីកចម្រើន​របស់​ព្រះពុទ្ធសាសនា និង​ទៅ​លើ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ទើប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រិះ​គិត​ពិចារណា​​យក​ព្រះពុទ្ធសាសនា​មក​ធ្វើ​ ជា​មូលដ្ឋាន​សម្រាប់​ផ្សព្វផ្សាយ​អនុវត្ត​ទ្រឹស្ដី​របស់​ព្រះអង្គ ។ គឺ​ព្រះអង្គ​យក​ទ្រឹស្ដី​ គោល​គំនិត​នយោបាយ​ព្រះអង្គ​ដែល​ចេញ​ពី​ពុម្ព​ព្រះពុទ្ធសាសនា​នឹង​អាច​​ក្លាយ ​ទៅ​ជា​ពាក្យ​ពិត​របស់​ព្រះពុទ្ធ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ល្ងង់​ខ្លៅ​ត្រូវ​ តែ​នាំ​គ្នា​ជឿ គោរព​បូជា ឥត​ហ៊ាន​ធ្វេស​ប្រហែស ។

ម្យ៉ាង ​វិញ​ទៀត ប្រហែល​ជា​ដឹង​ច្បាស់​ថា ប្រជាជន​ខ្មែរ​ភាគ​ច្រើន​កំពុង​តែ​មាន​ជំនឿស៊ប់​ទៅ​លើ​ព្រះពុទ្ធសាសនា​ ទើប​បាន​ជា​ព្រះអង្គ​ចាប់​យក​ព្រះពុទ្ធសាសនា​មក​ធ្វើ​ជា​ឧបករណ៍​ នយោបាយ ។ មធ្យោបាយ​នេះ​អាច​ពង្រឹង​អំណាច​ព្រះអង្គ​ផង អាច​ទទួល​នូវការ​ពេញ​ចិត្ត និង​គាំទ្រ​ពី​សំណាក់​ប្រជានុរាស្ត្រ​ផង ។

«ពាក្យ​ពិត» របស់​ព្រះពុទ្ធ​ដែល​សំខាន់​ជាង​គេ គឺ​ព្រះពុទ្ធ​មិន​បាន​ឈាន​ចូល​និព្វាន​ទេ ។ ព្រះពោធិសត្វ​នៅ​ជិត​ជាប់​នឹង​យើង ហើយ​ចាប់​ជាតិ​កំណើត​មក​ជា​ព្រះមហាក្សត្រ ។ ដូច្នេះ ព្រះមហាក្សត្រ​ខ្មែរ តាម​ទ្រឹស្ដី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​តួអង្គ​ព្រះពោធិសត្វ ។ ទស្សនៈ​នេះ​មាន​ន័យ​​ថា ​ក្នុង​រូប​ព្រះមហាក្សត្រ​ខ្មែរ​មាន​ស្ដេច​ផង មាន​ព្រះពុទ្ធ​ផង ដែល​យើង​អាច​ដាក់​ឈ្មោះ​ថា ពុទ្ធរាជ ។

ទស្សនៈ ​នេះ​មិន​មែន​ជា​ទ្រឹស្ដី​ថ្មី​អ្វី​ទេ គឺ​ជា​ទស្សនៈ​ទេវរាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ កែប្រែ​ប៉ុណ្ណោះ ។ ក្នុង​ទស្សនៈ​ទេវរាជ ព្រះមហាក្សត្រ​ខ្មែរ​ជា​តួអង្គ​ព្រះអាទិទេព ហើយ​លិង្គ​ព្រះសិវៈ​ជា​តំណាង​ដែល​គេ​នាំ​គ្នា​ធ្វើ​សក្ការបូជា ។ ឥឡូវ​នេះ ព្រះមហាក្សត្រ​នៅ​ដដែល​ឥត​រើរុះ​ទេ ។ អ្វី​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​គឺ​លិង្គ​ព្រះសិវៈ​ដែល​ត្រូវ​ទុក​តំណែង​ឲ្យ​ ព្រះពោធិសត្វ​លោកេស្វរៈ ។

ដើម្បី ​ជម្រុញ​ព្រះពុទ្ធសាសនា និង​ទ្រឹស្ដី​ថ្មី ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​កសាង​រូប​លោកេស្វរៈ​សម្រាប់​ជាទី​សក្ការបូជា​នៅ​តាម​ប្រាសាទ​ធំៗ​របស់​ ព្រះអង្គ​ ដូចជា ប្រាសាទ​បាយ័ន ខ្លោងទ្វារ​នគរ​ធំ ប្រាសាទ​តាព្រហ្ម ប្រាសាទ​ព្រះខ័ន ។ល។ គេ​បាន​ប៉ាន់​ស្មាន​ថា រូប​លោកេស្វរៈ​នៅ​កំពូល​កណ្ដាល​ប្រាសាទ​បាយ័ន​ជា​រូប​សំណាក​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧ ។

ទោះ​បី​ជា​ ព្រះពុទ្ធសាសនា​ត្រូវ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យក​មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បម្រើ​អំណាច​ផលប្រយោជន៍​ផ្ទាល់​ព្រះអង្គ​ក៏​ ដោយ ក៏​យើង​អាច​ចាត់​ទុក​ជា​ជំហាន​ថ្មី​មួយ​របស់​សង្គម​ជាតិ​ខ្មែរ​ដែរ​ក្នុង​ ការ​រើបង្រះ​ពី​អំណាច​ផ្ដាច់​ការ​ស្ដេច និង​ពី​ការ​បែង​ចែក​វណ្ណៈ ។

ជំហាន ​មួយ​ទៀត​ គឺ​ព្រះពុទ្ធសាសនា​ដែល​មាន​មូលដ្ឋាន​ទ្រឹស្ដី​ស្ថិត​នៅ​លើ​បុណ្យបាប កម្ម​ពៀរវេរា ទាន​សន្ដោស មេត្តា​ធម៌ ។ល។ និង ។ល។ អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយ​គោរព​អនុវត្ត​ ទៅ​តាម​ក្រឹត្យក្រម​វិន័យ បញ្ញតិ​របស់​ព្រះអង្គ ដោយ​យក​ផលប្រយោជន៍​ប្រជាជាតិ​ជា​ធំ ។ ពី​ព្រោះ​ព្រះអង្គ​យល់ និង​ជឿ​ថា បើ​គេ​យក​ទ្រឹស្ដី​ក្នុង​ព្រះពុទ្ធសាសនា​មក​ធ្វើ​ជា​មូលដ្ឋាន​បម្រើ​ជាតិ​ គេ​អាច​នឹង​កសាង​បាន​ប្រទេស​ជាតិ​មួយ​យ៉ាង​ល្អ​ប្រសើរ ។

 

ត្រលប់ទៅ មាតិការឿង